សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និ​ង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ព្រមជាមួយក្រុមគ្រួសា រសាច់ញាតិនិងមន្ត្រីអ្នកមុខអ្នកការបាន​អ​ញ្ជើ​​ញចូលរួម​ពិធីឆ្លង​បុណ្យ​ភ្ជុំបិណ្ឌជាមួយ​ពុទ្ធបរិស័ ទជិតឆ្ងាយ នាព្រឹកថ្ងៃ សៅរ៍ ១៥ រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅ វត្តហរិរក្ស​រា​ជិ​នី​ ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុ​ង្គ ខេត្តកំពង់ស្ពឺ។ ជាការកត់សម្គាល់ រៀងរាល់ឆ្នាំ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត តែងតែអញ្ជើញ ចូល​រួមបុណ្យភ្ជុំ ដែលហៅថាថ្ងៃឆ្លងបិណ្ឌ មិនដែលខកខានឡើយ ជាពិសេសនៅទីអារាម​វត្ត​វាំង​ចាស់នេះ ដោយនាំយកនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះ​ពុទ្ធអង្គ និងព្រះរតនត្រ័យ និងនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រ​គេ​នព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មាន​មា​តាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាល ទៅហើយ ជាពិសេស ឧទ្ទិស ចំពោះ វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង លោកយាយ មហាឧបាសិកា ឌី ប៉ុក ដែលជាឪពុក ម្តាយបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន ឧទ្ទិស​ចំ​ពោះ​ វិញ្ញាណនក្ខ័ន្ធ លោកមហាឧបាសក លីន គ្រី ដែលជាឪពុកបង្កើត របស់សម្ដេច​កិត្តិព្រឹ​ទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវប​ច្ច័​យ​ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ បណ្ឌិត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការជាពុទ្ធបរិស័ទ បានអញ្ជើញទៅថ្វាយ​ទៀន​ធូប ផ្កាភ្ញី ចំពោះ ព្រះពុទ្ធបដិមា ឧទ្ទិសកុសល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេ​ស​​ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និ​ង​​អញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមាន គុណបំណាច់ក្នុងការការពារ ជាតិមាតុភូមិ ។គួរបញ្ជាក់ដែរថា  ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅ​នឹ​ង​​ប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែ​ន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យា​ង​​ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងទៀតដើម្បីរក្សាបាននូវ ទីតាំងប្រវត្តិសាស្ត្រ និង​វ​ប្ប​​ធម៌ សម្រាប់ ការសិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។  វត្តវាំងចាស់ មាននាម​ដើ​ម​ថា​ វត្តហរិរក្សរាជិនី ចំណេរក្រោយមក វត្តនេះត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចា​ស់​ ត​រៀងមក ។ នាសម័យដើម វត្តនេះ មានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភា​សា​បា​លី​និងសម្រាយ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ រប​ស់ព្រះមហាក្សត្រខ្មែរ ប៉ុន្ដែ វត្ថុបុរាណ និងសមិទ្ធផលទាំងឡាយ នៅក្នុងទីអារាមនេះ ត្រូវ​បា​ន​បាត់បង់អន្ដរាយអស់ ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ ៧មករា ឆ្នាំ​១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរបានដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះ មា​ន​តែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ ស​ម្ដេ​ច​តេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បា​ន​ដឹក​នាំ​កសាង ទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ដោយកសាងសមិទ្ធផលថ្មីៗ បានរីកចម្រើន គួរ​ជា​ទីចាប់អារម្មណ៍បំផុត ។ សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប​ណ្ឌិ​​ត បានដឹកនាំកសាង នៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧប​ដ្ឋា​នសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា  រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រម​ទាំ​ង​​សមិទ្ធផលនានា ជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ៕

ដោយ ជឹម ណារី