ពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ លើកទី២១ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា លើកទី២១ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមនុស្សចាស់ក្នុងខេត្តក្រចេះជាច្រើននាក់ផងដែរ ។

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារឱ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឱ្យបានល្អប្រសើរ និងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់នៅក្នុងសង្គមជាតិ ។ មនុស្សចាស់ គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ការផ្តល់ចំណេះដឹងនិងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ។

ក្នុងពិធីនេះ ឯកឧត្ដម វ៉ា ថន បានមានប្រសាសន៍សំណេះសំណាលជាមួយសមាជិកសមាជិកា ក្នុងអង្គពិធីនោះបានបញ្ជាក់ថា មនុស្សចាស់គឺជាអ្នកកសាងនូវធនធានជាច្រើន និងបន្សល់ទុកនូវសមិទ្ធផលនានាឱ្យមនុស្សជំនាន់ក្រោយបានប្រើប្រាស់ ។ ដូច្នេះយើងជំនាន់ក្រោយទាំងអស់ត្រូវតែគោរពដឹងគុណ ថែរក្សាអភិរក្សនូវសមិទ្ធផលទាំងឡាយដែលបានបន្សល់ទុក និងយកចិត្តទុកដាក់មើលថែកុំឱ្យបាត់បង់ ជាពិសេសការមើលថែពួកគាត់ ឱ្យបានល្អបំផុត ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់ក្តីអាណិតស្រឡាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកយាយ លោកតា បងប្អូន និងជនរួមជាតិទាំងអស់គ្នា។

ក្នុងពីធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា លើកទី២១នៅខេត្តក្រចេះនោះក៏មានការផ្តល់អំណោយជូនដល់អុំ ពូ មីង លោកតា លោកយាយ ចំនួន២៥០ នាក់ ក្នុងម្នាក់ៗទទួលបាន ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕

ដោយ ជួន សុជាតិ