ឯកឧត្តម គាត ឈន់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តបទុមវតី រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — ក្នុងឱកាសដែលប្រជាពុទ្ធសាសនិកជនខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុង រីករាយចូលរួមប្រកបដោយសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនានៅតាមទីអារាមនានាទូទាំងប្រទេសនោះ ដោយឡែកឯកឧត្តមកិត្តិ​បរិរ​ក្ស​បណ្ឌិត គាត ឈន់ និងលោកជំទាវ ឡាយ នារី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋ​ម​ន្រ្តី  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទក្រសួង បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសអញ្ជើញដល់វត្តបទុមវតី  ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ ឡាយ នារី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់ បានអញ្ជើញថ្វាយបង្គំព្រះពុទ្ធរូប និងថ្វាយបង្គំ ព្រះសង្ឃ ព្រមទាំង​សមាទា​នសី​ល​ជាកិច្ចរម្លឹកនឹកគុណ បុណ្យព្រះរតនត្រ័យតាម ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង។ ពិសេសរម្លឹកដល់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃ យើងដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និ​ង​​ព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រ​តិបត្តិរហូត​ដល់ពេលបច្ចុប្បន្ន ហើយអ្វីដែលសំខាន់នោះគឺមុនយាងចូលបរិនិព្វាន្ត ព្រះអង្គទ្រង់ត្រាស់កំណត់សាសនា របស់តថាគត គឺ​គង់វ​ង្ស​គ្រប់៥ពាន់ព្រះវស្សា។

ពុទ្ធឱវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំ​ពើ​ជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ទុកសម្រាប់​អនា​គត​ជា​តិ​។ ​ពិសេស​នោះ ពុទ្ធបរិស័ទគ្រប់រូបត្រូវ គោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជនមាន មាតាបិ​តាទាំ​ង​រូ​ប​លោ​កនៅមានអាយុសង្ខារក្តី ឬមរណៈកាលទៅហើយក្តី។ យ៉ាងណាមិញបុណ្យកាន់បិណ្ឌ ឫភ្ជុំបិណ្ឌ រយៈ​ពេ​ល១៥ថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញ អំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណ របស់​បុ​ព្វការីជនដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនតាមរយៈ ព្រះសង្ឃជាស្រែបុណ្យ ដើម្បី​ឱ្យ​វិ​ញ្ញា​ណ​ក្ខ​ន្ធ អ្នកមានគុណគ្រប់រូប បានទៅកាន់ឋានបរមសុខ កុំបីអាក់ខានឡើយ។ ម្យ៉ាងវិញទៀត តា​ម​រយៈ​កា​រ​មា​ន​​ជំនឿ ចំពោះព្រះពុទ្ធសាសនា នេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទ​កម្ពុជា​គ្រប់​ស្រ​ទា​ប់​វ​ណ្ណៈ​បា​ន​រួ​ម​សា​មគ្គីគ្នា​កសាងនូវសមិទ្ធផលជាច្រើនបម្រើ​ឱ្យការរីកចម្រើន និងគង់វង្ស​នៃព្រះពុទ្ធសាស​នាដែល​ជាសា​ស​នា​​របស់រដ្ឋ។

នាឱកាសនោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី​រា​ជ​ការ ទាំងអស់បានអញ្ជើញរាប់បាត្រ ដើម្បីព្រះស​ង្ឃស្វា​ធ្យាយ​ស​ត្ត​ប្ប​ក​រ​ណា​ភិ​ធ​ម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសល ផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា  និង​ញា​តិ​ កា​​ទាំ​ង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បាន​ទៅ​សោ​​យសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១២នេះ ឯកឧត្តមកិ​ត្តិ​ប​រិ​រក្សបណ្ឌិត គាត ឈន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងមន្រ្តីរាជការទាំងអស់ មាន​ស​ទ្ធា​ជ្រះថ្លា បរិច្ចាគ បច្ច័យ ទេយ្យ​ទាន និងគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភព្រះសង្ឃ ក្នុងរដូវកាល​បុណ្យ​កាន់​បិ​ណ្ឌ​​ភ្ជុំ​បិណ្ឌ និងបានថ្វាយបច្ច័យសម្រាប់កសាងវត្ត ដល់សម្តេចព្រះមហា សុមេធាធិបតី កិត្តិ​ឧ​ទ្ទេ​ស​ប​ណ្ឌិ​ត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រ កម្ពុជា និង​ជាសម្តេ​ចព្រះចៅ​អធិ​ការ​វត្ត​បទុ​មវ​តី​ចំនួន១៩២,៤០០,០០០រៀល៕

ដោយ គង់ សិរីរ័ត្ន