នគរបាលជាតិកម្ពុជា និងក្រសួងសន្តិសុខចិន ជួបពិភាក្សាគ្នាជុំវិញ បញ្ហាសន្តិសុខនៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — អគ្គស្នងការនគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជា មានិតចិន បានជួបពិភាក្សាជុំវិញបញ្ហាសន្តិសុខនៅខេត្តព្រះសីហនុ។ ភាគីកម្ពុជា តំណាង ដោយឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីចិន ដឹកនាំដោយលោក Duan Daqi អនុប្រធាននាយកដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំនួបធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នាអគ្គស្នងការនគរបាលជាតិ។

កិច្ចពិភាក្សារវាងភាគីទាំងពីរនេះ គឺផ្តោតលើការរៀបចំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ តាមរយៈកិច្ចសហប្រតិបត្តិការរវាងនគរបាល ជាតិកម្ពុជាជាមួយនឹងខេត្តជាំងស៊ូ ដើម្បីរៀបចំកសាងសុវត្ថិភាព ខេត្តព្រះសីហនុ។

ក្នុងនោះក៏មានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ការបង្កើតការិយាល័យសម្របសម្រួលច្រកចេញចូលតែមួយ និងការជួយបណ្តុះបណ្តាល ធនធានមន្ត្រីនគរបាលកម្ពុជា ព្រមទាំងបំពាក់សម្ភារទំនើបដើម្បីកត្តាពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅខេត្តមាត់សមុទ្រមួយនេះ។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពី សក្តានុពលទេសចរណ៍នៃខេត្តព្រះសីហនុ ដែលនឹងក្លាយជាខេត្តទំនើបមួយ ស្ថិតក្នុង គម្រោងរៀបចំធ្វើផ្លូវ និងការដាក់ប្រព័ន្ធលូ ដែលរាជរដ្ឋាភិបាលបាន សម្រេចនូវគម្រោង ថវិកាសម្រាប់ការកសាងរួចមកហើយ ហើយនាពេលអនាគត គម្រោងសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ នឹងធ្វើឱ្យខេត្តដែលជាប់នឹងមាត់សមុទ្រនេះ ក្លាយជាខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបជាងគេក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ គណៈប្រតិភូចិន បានបង្ហាញការពេញចិត្តចំពោះកិច្ច សហប្រតិបត្តិការជាមួយនឹងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងគម្រោងរៀបចំ ពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ និងសន្យាជួយបណ្តុះបណ្តាល ធនធានមនុស្សមន្ត្រីនគរបាលកម្ពុជា ក៏ដូចជាការជួយបំពាក់សម្ភារបច្ចេកវិទ្យាកាមេរ៉ា និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខ ប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា នៃសម័យឌីជីថល នាបច្ចុប្បន្ន៕

ដោយ ចាន់ សុធីវង្ស