គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បើកបរ​ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវដល់បងប្អូនប្រជាពលរដ្ឋ អ្នក​បើក​បរយានយន្ដ និងអ្នកបើកបរម៉ូតូទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់​ចរាចរណ៍​​ក្នុងពេលបើកបរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ការអំពាវនាវនេះ ធ្វើឡើងក្នុង​យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាល​ពី​ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌកំបូល រាជធានី​ភ្នំពេញ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គ លេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក យុទ្ធនាការនេះ បានធ្វើគ្រប់​ផ្លូវជាតិ និងផ្លូវមួយចំនួន ដើម្បីពញាក់ស្មារតី  និងជំរុញឱ្យអ្នកធ្វើដំណើរទៅស្រុកកំណើត បង្កើន​ការយកចិត្តទុកដាក់ក្នុងការធ្វើដំណើរ។ លោកជំទាវបានបន្ដថា យុទ្ធនាការអប់រំផ្សព្វ​ផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ក្នុងគោលបំណងក្រើនរម្លឹកដល់ប្រជាពលរដ្ឋ​ដែល​ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការ​ប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល​នៃគ្រឿង​ស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិ​អាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់​ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និង​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូច​ជាព្រឹត្តិការណ៍បុណ្យជាតិសំខាន់ៗ​ដទៃទៀត។ លោកជំទាវបានលើកឡើងថា ការអប់រំផ្សព្វ​ផ្សាយ ត្រូវធ្វើរូមគ្នា ជាមួយនឹងការរក្សាសណ្តាប់ធ្នាប់ ដែលសមត្ថកិច្ចគ្រប់ផ្នែក បានពង្រឹងការ​អនុវត្ដច្បាប់ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរួចផុតពីគ្រោះ​ថ្នាក់​ចរា​ចរណ៍ និងគ្រោះថ្នាក់​ផ្សេងៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យជាតិផ្សេងៗទៀត។ លោកជំទាវបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើនឡើងខ្ពស់ ក្នុងអំឡុងពេលមាន​ពិធីបុណ្យជាតិធំៗដោយសារតែអ្នកបើកបរមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់​ចរាចរណ៍។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលដ្ឋ ក៏ដូចជាអ្ន កធ្វើដំណើរ សុំប្រកាន់ស្តាំ គោរពភ្លើងសញ្ញាចរាចរណ៍  កុំបើកលឿន កុំវ៉ាជែងក្នុងស្ថានភាព មានគ្រោះ​ថ្នាក់ ជាពិសេសអ្នកបើកបរទាំងរថយន្តតូច ធំ គឺត្រូវមានសុជីវធម៌ក្នុងការ គោរពសិទ្ធិអ្នក​​បើកបរ  និងក្រមសីលធម៌ក្នុងខ្លួនផងដែរ។

លោកឧត្ដមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា សមត្ថកិច្ចនគរ​បាល នឹងអនុវត្ដន៍តាមផែនការនៅរដូវបុណ្យភ្ជុំបិណ្ឌទាំងមុន ឬនិងក្រោយគឺត្រូវរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញទៅភូមិ ស្រុក និងត្រឡប់ មក​វិញ ដើម្បីធានាសុវត្ថិភាព។ លោកឧត្ដមសេនីយ៍ទោបានបញ្ជាក់ថា “គោលការណ៍រឹត​បន្ដឹងគឺយើងមិនអនុគ្រោះរាល់ការមិនពាក់មួក គឺត្រូវពិន័យ ហើយឱ្យគាត់យកមួកមកពាក់ និង​រឹតបន្ដឹងអ្នកបើកបរយានយន្តដែលមិនពាក់ខ្សែក្រវាត់  រហូតដល់ពេលយប់គឺយើង មានកម្លាំង​បាញ់ ឬត្រូតពិនិត្យល្បឿន ពិសេសនោះនៅផ្លូវជាតិលេខ ៤ និងលេខ៥ ដែលពេល​ដាក់យើង​ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវកាត់បន្ថយ”។ លោកឧត្ដមសេនីយ៍ទោបានបន្ថែមថា សមត្ថកិច្ចនគរបាលនៅតែបន្ដការរឹតបន្ដឹង និងត្រួតពិនិត្យច្បាប់ចរាចរណ៍ដោយសារតែក្នុង​រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍មិនថមថយនោះទេ ពេល​ខ្លះជនរងគ្រោះ ស្លាប់ជាក្រុម ហើយអ្នកស្លាប់ទាំងនោះភាគច្រើនមិនបានពាក់​មួកសុវត្ថិ​ភាព។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយក​ដ្ឋាន​ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការចុះអប់រំផ្សព្វ​ផ្សាយក្នុង អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ គឺបានធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដោយសារតែ​ផ្លូវនេះ មានការធ្វើចរាចរណ៍មមាញឹក និងតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍​ញឹកញាប់។ លោកបន្ដថា ការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នេះ ក្នុងគោលដៅជួយ​ក្រើនរម្លឹក និងពញាក់ស្មារតីដល់​អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរព​ច្បាប់​​​ចរាចរណ៍ទាំង​អស់គ្នា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ​ផងដែរ៕​

ដោយ រិទ្ធី