អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងឈរជើង តាមបណ្តោយព្រំដែនទិសតំបន់ប្រាសាទព្រះវិហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ព្រះវិហារ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនទិសតំបន់ ប្រាសាទព្រះវិហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន គ្រប់អង្គភាព ប្រធាន មន្ទីរអង្គភាព និងនាយទាហាន ពលទាហាន ជាច្រើនរូប នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែង តែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូន កងទ័ពយើងតាមរយៈការផ្គត់ផ្គង់សម្ភារជាតម្រូវការផ្សេងៗ សង់លំនៅឋាន និងផ្តល់ដី សម្បទានសម្រាប់បង្កបង្កើនផល ជាពិសេសសម្ដេចតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែប យ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងទ័ពយើងឱ្យមានស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្តថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដីស្របពេលមានជម្លោះឈ្លានពានទឹកដីពីភាគីថៃ និងមានជម្លោះបញ្ហាព្រំដែន តិចតួចជាមួយភាគីឡាវ និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ ភារកិច្ចដែលថ្នាក់លើបានប្រគល់ ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង ៕

ដោយ ទិត ស្រ៊