ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់១០៣គ្រួសារ នៅខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនិងខ្យល់កន្ត្រាក់១០៣គ្រួសារនៅក្នុងឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយសាខាកាកបាទ ក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅដែលកំពុង ជួបលំបាកនោះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត​បន្ទាយមានជ័យ រួមនិងក្រុមការងារបាននាំយកអំណោយជាស្បៀងអាហារ សង្គ្រោះបន្ទាន់ទៅចែកដល់ដៃប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ នៅឃុំអូរបីជាន់កាលពីព្រឹក ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩នេះដើម្បីជួយសម្រាលការ​ខ្វះខាតបងប្អូនប្រជាពលរដ្ឋបានមួយគ្រាដែរ។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងរំលែកទុក្ខការលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ និងបាន​លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំជម្នះឱ្យបាននូវរាល់បញ្ហាលំបាក ដែល កំពុងកើតមាននេះ។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងដៃគូពាក់ព័ន្ធបានយកចិត្តទុកដាក់ ប្រឹងប្រែង​ដើម្បីរិះរកគ្រប់មធ្យោបាយជួយដោះស្រាយ​ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា​។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះនេះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាដែល  ​​ជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរង គ្រោះធម្មជាតិ និងបញ្ហា​ផ្សេងៗទៀតសំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ យើងដោយមិនប្រកាន់​និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ​អ៊ុំ រាត្រី ក៏បានធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋយើងទាំងអស់ត្រូវ​​យក ចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការថែទាំសុខភាពក្រោយពេលទឹកជំនន់បានស្រកចុះហើយនោះសូម​ប្រយ័ត្ន​កូនចៅ​ត្រូវការពារ​កុំ​ឱ្យ​មូស​ខាំ ត្រូវ​​បរិភោគទឹក​ដាំជានិច្ច។​

សូមបញ្ជាក់ថា អំណោយដែលចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង ​និង​ខ្យល់កន្ត្រាក់​ចំនួន​ ​១០៣គ្រួសារ​ ​មក​ពី​ភូមិ​ចំនួន​ ​៥​ ​ក្នុង​ឃុំ​អូរបីជាន់​ ​ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ​ ​នោះ ដែល​ក្នុង​មួយ​គ្រួ​សារ​ៗ​ ​ទទួល​បាន​ ​អង្ករ​ ​២៥គីឡូក្រាម​ ​ត្រីខ​ ​ទឹ​ក​ស៊ី​អ៊ីវ​ ​ប្រេងឆា​ ​និង​មី​មួយចំនួនទៀត៕

ដោយឈុនសារ៉ាត