អាជ្ញាធរខេត្តក្រចេះ ជំរុញឱ្យក្រុមការងារបន្តចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាព ឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានទាំងស្រុង នៅឆ្នាំ២០២៥ តាមផែនការរបស់ថ្នាក់ជាតិ

AKP ក្រចេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ពិសេសប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងសមាជិក សមាជិកា តំណាងអង្គការ PFD។

នៅក្នុងកិច្ចប្រជុំនោះលោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តបាន ជំរុញឱ្យក្រុមការងារបន្តចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានទាំងស្រុងនៅឆ្នាំ២០២៥ តាមផែនការរបស់ ថ្នាក់ជាតិ។

លោកអភិបាលរងខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ លើវិស័យសុខាភិបាលដោយបានបង្កើតនូវយន្តការចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋានក្នុងការចូលរួមធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានបញ្ហាកើតឡើងចំពោះប្រជាពលរដ្ឋ។ ដើម្បីអនុវត្តន៍ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥ យើងទាំង អស់គ្នាត្រូវតែរួមគ្នាផ្ដល់ ព័ត៌មាន ចំពោះតំបន់ដែលមានការចម្លងជំងឺគ្រុនចាញ់និងផ្សព្វផ្សាយសារទៅដល់ សហគមន៍។

លោក ប៉ែន លីណាត មានប្រសាសន៍ថា ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាត ដោយជំងឺគ្រុនចាញ់ឱ្យទាន់ពេលវេលា គឺមន្ទីរសុខាភិបាលខេត្ត និងភ្នាក់ងារ កម្មវិធីប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ថ្នាក់ក្រោមជាតិត្រូវក្ដាប់អោយបាននូវសភាពការជំងឺ និងចាត់វិធានការជា បន្ទាន់។ លើសពីនេះ ត្រូវពង្រឹងសេវាពិនិត្យ រោគវិនិច្ឆ័យនិងព្យាបាលដោយក្ដាប់ឱ្យបាននូវ បច្ចុប្បន្នភាពសេវាថែទាំសុខភាព និងតម្រូវការទៅតាមស្ថានភាពជំងឺជាក់ស្ដែង។

លោកអភិបាលរងខេត្តបានលើកឡើងថា ផែនការបន្ទាប់សម្រាប់ត្រីមាសទី៤ គឺបន្តសកម្មភាពអប់រំផ្សព្វផ្សាយតាមរយៈការធ្វើតេស្តឈាម និងព្យាបាលជ្រើស រើសអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុន ចាញ់១០០ ភូមិបន្ថែមទៀត ចុះកំណត់តំបន់ដែលមាន ប្រជាជនចល័តច្រើនបន្តចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្នាន និងនៅតាម ក្រុមហ៊ុនចំការកៅស៊ូ តាមកសិដ្ឋាននិងតាមតំបន់ផ្សេងៗទៀត បន្តគ្រប់គ្រងមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ បន្តការធ្វើតេស្តឈាមអប់រំ និងព្យាបាលដល់ ប្រជាពលរដ្ឋចល័ត និងតាមភូមិគោលដៅ៕

ដោយ  ជួន សុជាតិ