អភិបាលខេត្ដកំពង់ចាម ជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP កំពង់ចាម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល ជា​មួយមន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យារបស់រដ្ឋបាលសាលាខេត្តនិង មន្ត្រីចូលនិវត្តន៍ ក្នុងរដ្ឋ​បាលកំពង់ចាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។  ពិធីនេះ បានធ្វើឡើង កាលពី​ព្រឹក​ថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩។

ឯកឧត្តម អ៊ុន ចាន់ដា​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះស្នាដៃដែលមន្រ្ដីរដ្ឋបាលខេត្តគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានបំពេញការងារ​ទទួលបានជោគជ័យ ដោយសារតែការរួមសាមគ្គីគ្នាបំពេញភារកិច្ចទៅតាមការងារ​និងវិស័យ​នីមួយៗសម្រចបានល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបាន​ជំរុញ​ដល់មន្រ្ដីរាជការទាំងអស់ ត្រូវរួមសាមគ្គីគ្នាបន្ដអនុវត្តន៍គោលនយោបាយ​របស់រាជរដ្ឋាភិ​បាល​ដើម្បីបំពេញការងារក្នុងតួនាទីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង​ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទបង្កើនកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់សារធារណៈឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខែ្មរយើង និងបង្កើនការប្រុង​ប្រយ័ត្ន ការគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរទៅកាន់ស្រុកកំណើត​ជួបជុំគ្រួសារក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ឯកឧត្ដមបានលើកឡើងថា ដោយសារប្រទេសជាតិ​មាន​សន្តិភាព មានការវិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន ក្រោមការ ដឹកនាំ របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញឱ្យឃើញ​អំពីការរក្សាអត្តសញ្ញាណជាតិ វប្បធម៌ប្រពៃណីដ៏រុងរឿងនៃប្រជាជាតិខ្មែរ តាំងពីដើមរៀងមក បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋបានចូលរួមធ្វើបុណ្យ ធ្វើទានទៅតាមទំនៀម​ទម្លាប់របស់ប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ ត្រូវជួយអប់រំដល់បងប្អូននិងប្រជាពលរដ្ឋ និង​រួមគ្នាថែរក្សាសុខសន្តិភាពដែលមានស្រាប់ឱ្យបានគង់វង្សជាដរាបតរៀងទៅដើម្បីសេចក្តីសុខ របស់យើងនិងប្រជាពលរដ្ឋទូទៅផងនោះ៕

ដោយ ឆាយ ម៉ុត