ផ្ទៃដីស្រូវវស្សាចំនួន ៤.២៧៣ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់

AKP កំពង់ធំ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ -លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឱ្យដឹងនៅល្ងាចថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ទឹកស្ទឹងសែនខេត្តកំពង់ធំឡើងដល់កម្ពស់១៣,៦៤ម៉ែត្រ ខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា០,៨៧ម៉ែត្រ ដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១៣,៥០ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ផ្ទៃដីស្រូវវស្សាចំនួន ៤.២៧៣ហិកតតា ក្នុងស្រុកចំនួន៦ ក្នុងនោះស្រុកសណ្ដាន់ ប៉ះពាល់ចំនួន ៥៥២ហិកតា ស្រុកប្រាសាទសំបូរ ចំនួន        ១. ៥៥០ហិកតា ស្រុកស្ទោងចំនួន ៥០៣ហិកតា ស្រុកសន្ទុក ចំនួន ៤៣៥ហិកតា ស្រុកកំពង់ស្វាយចំនួន ៦៨៥ហិកតា និងក្រុងស្ទឹងសែនប៉ះពាល់ចំនួន ៥៤៨ហិកតា ព្រទាំងប៉ះពាល់លើសួនដំណាំបន្លែគ្រួសារចំនួ ន១៨ហិកតា ក្នុងនោះស្រុកប្រាសាទសំបូរ ១០ហិកតា និងស្រុកកំពង់ស្វាយ ៨ហិកតា។ រដ្ឋបាលខេត្តកំពង់ធំក៏បានចេញសេចក្ដីប្រកាស និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាកសិករខេត្តកំពង់ធំបានអនុវត្តន៍ធ្វើការងារបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ២២១.០១៣ហិកតាស្មើនឹង ១០៣,៦២ភាគរយ នៃផែនការ ២១៣.៣០០ហិកតា បើប្រៀបធៀបនឹងការអនុវត្តឆ្នាំ២០១៨ ឆ្នាំ២០១៩ទាបជាងចំនួន ៥២២ហិកតា ក្នុងរយៈពេលដូចគ្នានេះដែរប្រជាកសិករយើងបានធ្វើការប្រមូលផលស្រូវស្រាលដើមរដូវបានចំនួន ២៧.៩៥៧ហិកតា ដោយទទួលបានទិន្នផល ៣,៩២៧តោន ក្នុង១ហិកតា។ ស្រូវពូជ ៥៤៥១សើម ថ្លៃចន្លោះពី ៧៧០ទៅ ៧៨០រៀលក្នុង១គីឡូក្រាម និងស្រូវពូជ ៥០៤សើម ថ្លៃចន្លោះពី ៦៣០ទៅ ៦៤០រៀល ក្នុង១គីឡូក្រាម។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជាកសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំ រដូវវស្សាមាន ឪឡឹក ដំឡូងមី បន្លែ សណ្ដែកបាយ ពោត និងអំពៅ សរុបចំនួន ៥៣.១៣៨ហិកតា ប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ១៨ហិកតា ៕

ដោយ ស៊ុម វណ្ណា