សម្តេចប្រធានរដ្ឋសភាកម្ពុជា គាំទ្រ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ូស៊ានឱ្យកាន់តែជិតស្និទ្ធថែមទៀត

AKP ភ្នំពេញ ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា បានគាំទ្រដល់គំនិតផ្តួចផ្តើមទាំងឡាយរបស់សភាប្រទេសកាហ្សាក់ស្ថាន ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការការទូតសភាជាមួយសភាប្រទេសក្នុងតំបន់យូរ៉ាហ្សៀ (Eurasia) ឱ្យកាន់តែមានសមាហរណកម្មជិតស្និទ្ធថែមទៀតជាមួយគ្នា។ ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា​នេះ បាន​ធ្វើនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯឧត្តម នួរឡេន និចម៉ាទូលីន (Nurlan Nigmatulin) ប្រធានរដ្ឋសភាកាហ្សាក់ស្ថាន នៅវិមានរដ្ឋសភាកាហ្សាក់ស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខណៈសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅទីក្រុងណឺ​សុលតង់ សាធារណរដ្ឋ​កាហ្សាក់ស្ថាន។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជា និងកាហ្សាក់ស្ថានអាចក្លាយជាប្រទេសសំខាន់ពីរ ដែលអាចដើរតួនាទីជាស្ពានក្នុងការធ្វើការតភ្ជាប់រវាងអាស៊ាន (ASEAN) និងសហភាពសេដ្ឋកិច្ចអឺរ៉ូស៊ានឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម នួរឡេន និចម៉ាទូលីន បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភាដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ ដែលរដ្ឋសភាកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្ដមបានបញ្ជាក់ថា វត្តមានរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជានាពេលនេះ ជាប្រវត្តិសាស្រ្ត និងធ្វើឱ្យកិច្ចប្រជុំនេះទទួលជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរួមអបអរសាទរផងដែរចំពោះការអភិវឌ្ឍរបស់កាហ្សាក់ស្ថាន ហើយសម្តេចចង់ឃើញ ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន មាន​កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម នួរឡេន និចម៉ាទូលីន បានទទួលការគោរពអញ្ជើញរបស់សម្តេចប្រធានទៅចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​នៅឆ្នាំ២០២០ ខាងមុខនេះ៕

ដោយ ប៉ាល់ សុង