រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ផ្តល់រង្វាន់ម៉ូតូ និងថវិកា ជូនដល់សិស្សនិទ្ទេស A និទ្ទេស B និង C ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ក្លាយជាសិស្សពូកែ និងទទួលបានចំណាត់ថ្នាក់និទ្ទេសA និទ្ទេស B និងនិទ្ទេសC ដែលទើបប្រឡងសញ្ញាបត្រ​មធ្យម​​សិក្សាទុតិយភូមិក្នុងឆ្នាំ២០១៩នេះ របស់ក្មួយៗសិស្សានុសិស្ស ក្នុងស្រុកកោះសូទិន ខេត្ដកំពង់ចាម ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននាំយកនូវម៉ូតូ និងថវិកា ផ្តល់ជូនដល់សិស្សានុសិស្សទាំងនោះ។ ពិធីនេះ

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានកោតសរសើរចំពោះ សិស្ស​ប្រឡងជាប់ និទ្ទេស A និងនិទ្ទេសផ្សេងៗទាំងអស់ ជាពិសេសក៏ចូលរួមសោកស្តាយ ចំពោះ​សិស្សដែលប្រឡងធ្លាក់ ហើយបានលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងរៀនសូត្រ បន្ថែមទៀត ដើម្បី​បានប្រឡងជាប់នៅឆ្នាំក្រោយ។ ឯកឧត្ដមបានលើកឡើងថា បញ្ហាសំខាន់ដែលអ្នកប្រឡង​ជាប់ គឺការជ្រើសរើសសាលា និងមុខជំនាញ ដែលត្រូវរៀន ហើយកុំមើលអ្នកផ្សេង​ដែលគេ​រៀនចប់ ធ្វើការកន្លែងល្អ បានលុយច្រើន ធ្វើតាមគេ ពេលខ្លះមិនទទួលបានជោគជ័យ​នោះទេ។ ប៉ុន្តែអ្វីដែល ត្រូវគិតខ្លួនឯងថា ចូលចិត្តរៀនជំនាញអ្វី ដែលខ្លួនស្រឡាញ់ពេញចិត្ត ទើបសម្រេចបានជោគជ័យក្នុងការសិក្សា និងគោលបំណងប្រាថ្នារបស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្រ្ដី​បានបន្ដថា កុំរៀនតាមគេ សំខាន់ខ្លួនឯងស្រឡាញ់អ្វីជាងគេទើបទទួលបានជោគជ័យហើយ បើយើងមានជំនាញច្បាស់លាស់ទៀតនោះ មិនខ្វះការងារធ្វើល្អនោះទេ និងមាន ប្រាក់ខែ​ច្រើនថែមទៀតផង។ ឯកឧត្ដមបានបន្ដទៀតថា កាលរៀននៅវិទ្យាល័យ គឺតាមគ្រូ ស្ទើរតែ​ទាំងអស់ ប៉ុន្តែចូលដល់ថ្នាក់មហាវិទ្យាល័យ គ្រូជាអ្នកផ្តល់ចំណេះដឹងមួយផ្នែក ការប្រឹងប្រែង​សិក្សាស្រាវជ្រាវដោយខ្លួនឯង និងការរៀនជាក្រុម ជាមួយមិត្តភក្ដិ ព្រោះចំណេះដឹងធំនៅថ្នាក់​មហាវិទ្យាល័យ ហើយត្រូវរៀនគិតពីរបៀបវិវត្តន៍នៃគំនិត ទើបយើងអាចកំណត់អនាគត​របស់​ខ្លួនបាន។

បើតាមការបញ្ជាក់របស់តំណាងការិយាល័យអប់រំស្រុក កោះសូទិន បានឱ្យដឹងថា សម្រាប់​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម មាន៤វិទ្យាល័យ ក្នុង នោះ សិស្សប្រឡង ជាប់ មានចំនួន ៣១៩ នាក់ ស្រី១៨០ នាក់ ក្នុងចំណោមសិស្សប្រឡងចំនួន ៤០១ នាក់ ។ សម្រាប់ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន១ នាក់, និទ្ទេស B ១០ នាក់ និទ្ទេស C ចំនួន២០ នាក់ និទ្ទេស D  និង E ចំនួន២០៤ នាក់ សរុបជាប់ ចំនួន ៧៩.៥៥ ភាគរយ​។

សូមបញ្ជាក់ថា សម្រាប់យុវសិស្ស ឈ្មោះ ស៊ន់ រិទ្ធិធនុ រៀននៅវិទ្យាល័យជីហែ ស្រុកកោះសូទិន ជាប់និទ្ទេស A ទទួលបានថវិកាចំនួន ១០០ ដុល្លារ និង ម៉ូតូហុងដា Wave 110សេសេ ១ គ្រឿង អ្នកជាប់និទ្ទេស B ចំនួន ១០ នាក់ ក្នុងម្នាក់ ២០ ម៉ឺនរៀល  និទ្ទេស C ចំនួន២០ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល ផងដែរ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា