អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទណ្ឌិត សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរដល់របបរាជានិយម និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរទាំងមូល

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី បានកំពុងប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់របបរាជានិយម កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជាតិសាសន៍ខ្មែរទាំងមូល។

ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា ការបន្តប្រមាថធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រយ៉ាងគឃ្លើន ពីសំណាក់​ទណ្ឌិត សម រង្ស៊ី ជាចរិតជនពាលនយោបាយរបស់ទណ្ឌិតរូបនេះ។ ឯកឧត្ដមបាន​បន្ដថា ការបន្តប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងគឃ្លើនពីសំណាក់ទណ្ឌិត សម រង្ស៊ី មិន​ត្រឹម​តែជាការបំពានច្បាប់ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់របបរាជានិយម កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជាតិសាសន៍ខ្មែរទាំងមូល។ ឯកឧត្ដមបានបន្ដថា “នេះជាចរិតជនពាលនយោបាយ របស់ ទណ្ឌិត សម រង្ស៊ី ហើយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចទទួលយកបានឡើយ”។

ឯកឧត្ដមបានលើកឡើងថា តាមចរិតជនពាលនយោបាយរបស់ ទណ្ឌិត សម រង្ស៊ី គឺគេហ៊ានធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ ដើម្បីតែប្រយោជន៍ និងអំណាចផ្ទាល់ខ្លួន ទោះជាត្រូវ​ប្រមាថព្រះមហាក្សត្រ របបរាជានិយម និងបំផ្លាញជាតិសាសន៍ខ្លួនឯងយ៉ាងណាក៏ដោយ ដូចជាការឱនក្បាលធ្វើជាអាយ៉ងរបស់បរទេស និងសុំអង្វរឱ្យបរទេសដាក់ទណ្ឌកម្ម គៀប​សង្កត់មកលើជាតិសាសន៍ខ្លួនឯងជាដើម។ល។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានបន្ដទៀតថា​ករណីទណ្ឌិត សម រង្ស៊ី ប្រមាថធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ក្រសួងយុត្តិធម៌ ធ្លាប់បានចេញ​អធិបញ្ជាម្តងរួចហើយ ដូច្នេះក្នុងករណីមានការប្រមាថជាបន្តបន្ទាប់មកទៀតនេះ ស្ថាប័នមាន​សមត្ថកិច្ច ជាពិសេស​ស្ថាប័នអយ្យការ អាចចាត់ការបន្តនៅក្នុងគោលការណ៍​ដដែល​បាន៕

ដោយ ប៊ុនរិទ្ធ