ទឹកជំនន់ បានជន់លិចមន្ទីរពេទ្យ សាលារៀន និងផ្ទះប្រជាពលរដ្ឋមួយចំនួន នៅស្រុកអង្គរជុំ​ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបានបង្កឱ្យមានទឹក​ជំនន់​ជន់លិចមន្ទីរពេទ្យ សាលារៀន ផ្សារ និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកអង្គរជុំ ខេត្ត​សៀមរាប។ លោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងថា ករណីទឹកជំនន់​ជន់លិចស្រុកអង្គរជុំនេះ បានកើតឡើងចាប់តាំងពីម៉ោង៨យប់ នាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩ ដោយបានធ្វើឱ្យលិចសាលារៀន មន្ទីរពេទ្យ ផ្សារ និងផ្ទុះប្រជាពលរដ្ឋ។ លោកបន្តថា ទឹក​ជំនន់​នេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន៤២០ខ្នង ស្ថិតនៅក្នុងឃុំដូនពេក រងគ្រោះលិចលង់ ក្នុងនោះមានផ្ទះប្រមាណ៣០០ខ្នង នៅក្នុងភូមិបេង និងភូមិខ្ចាស់ មានការលិចខ្លាំង​ជាងគេ។ លោកបានបន្ថែមថា សម្រាប់អ្នកជំងឺចំនួន៤២នាក់​ដែលកំពុងស្នាក់នៅព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យបង្អែកអង្គរជុំ ត្រូវបានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យ ស្រុកពួក ខេត្តសៀមរាប។ ដោយឡែកសាលារៀន ដែលទទួលការលិចលង់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ការរៀន​សូត្រ​របស់សិស្សនោះទេ ដោយសារតែបច្ចុប្បន្ននេះ សិស្សត្រូវបានវ៉ាកង។ លោកអភិបាលស្រុកបានបន្ដទៀតថា សម្រាប់ទឹកជំនន់នេះ គិតត្រឹមរសៀលថ្ងៃទី២៤ ខែកញ្ញានេះ គឺមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

ដោយ ឃុត សៅ