អភិបាលខេត្តព្រះវិហារ​ ចូលរួមលែងកូនត្រីចម្រុះចំនួន៣៦ម៉ឺនក្បាល​ ដើម្បីអបអរសាទរ​ទិវា​មច្ឆាជាតិ ០១កក្កដា

AKP ព្រះវិហារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ -អភិបាលខេត្ដព្រះវិហារ បានចូលរួមលែងកូនត្រីចម្រុះចំនួន៣៦០.០០០ក្បាល ចូលក្នុងស្រះ​គ្រួសារ និងស្រះសហគមន៍តាមឃុំ ស្រុក ដើម្បីឆ្លើយតបទៅនឹង​តម្រូវការហូបចុករបស់​ប្រជាពលរដ្ឋ និងបង្កើនផលស្តុកត្រីមេពូជក្នុងបឹង ស្រះសហគមន៍នាពេលអនាគត។ ពិធីនេះ​ធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរសាទរមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” ត្រីដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីត្រី យើងនាំគ្នាជួយថែរក្សាមច្ឆជាតិ” ក្រោម​ដោយមាន​ការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នាយករដ្ឋបាលសាលាខេត្ត កងកម្លាំង​ប្រដាប់អាវុធទាំងបី​ប្រភេទ មន្ទីរ​ អង្គភាព​ជុំវិញខេត្ត អាជ្ញាធរ​ក្រុង សង្កាត់​ ដែលស្តិតនៅស្រះជម្រកត្រី​សហគមន៍ទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ដើម្បីអភិរក្សធនធានធម្មជាតិ សហ​គមន៍ និងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា និងអភិរក្សដល់មច្ឆាជាតិ ដែលកំពុង​មាន​​នាពេល​បច្ចុប្បន្ន និងរួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសជលផលផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់​ថា សម្រាប់ថ្ងៃទី០១ ខែកក្កដា គឺជាថ្ងៃបិទនេសាទនៅទូទាំងប្រទេស ដើម្បីឱ្យ មេត្រីពងកូន​បន្តពូជសម្រាប់ឆ្នាំក្រោយៗទៀត  ហើយរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកថ្ងៃទី០១ ខែកក្កដា នេះជារៀងរាល់ឆ្នាំដើម្បីប្រាព្ធពិធីមច្ឆាជាតិ ដូចមានចែងក្នុងមាត្រាទី១៧នៃ ច្បាប់​ស្តីពីជលផល ហើយចាត់ទុកជាការប្រកាសបិទនេសាទទូទាំងប្រទេសតែម្តង។ ឯកឧត្ដមអភិ​បាលខេត្ដបានបន្ដថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យមួយចំនួន ពាក់ព័ន្ធនឹង​ការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ក្នុងនោះក៏មានវិស័យជលផលផងដែរ ដែលត្រូវ​បានចាត់ទុក ជាវិស័យអាទិភាពផ្សេងៗទៀត ក្នុងការធ្វើកំណែទម្រង់ ដែលមានការសហការ​យ៉ាងល្អជាមួយ បណ្តាអង្គការអន្តរជាតិថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស​ថ្នាក់ស្រុក ឃុំ ភូមិ ផ្នែកឯកជន និងអង្គភាពនានា សូមចូលរួមឱ្យបានសកម្មថែមទៀត ក្នុង​ចលនាលែងកូនត្រីនេះនៅគ្រប់កន្លែងតាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណី លែងកូនត្រី ដើម្បីជាការពញាក់ស្មារតីអភិរក្សជលផល ដើម្បីបង្កើនទិន្ធផលត្រីឱ្យបានច្រើន​សម្រាប់ហូប​ចុករបស់ប្រជាពលរដ្ឋយើង ៕

ដោយ ទិត ​ស្រ៊