លីគកំពូលកម្ពុជាបញ្ចប់សប្តាហ៍ទី២៣ មានចំនួន៥ប្រកួត និង២ប្រកួតលើកពេល ដោយសារភ្លៀងធ្លាក់ខ្លាំងពេក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ — ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើងទី២ រដូវកាល២០១៩ បានបញ្ចប់សប្តាហ៍ ទី២៣ មានចំនួន៥ប្រកួត ខណៈ២ប្រកួតត្រូវ បាន​​​លើក​ពេលប្រកួត ដោយសារស្ថានភាពភ្លៀង ធ្លាក់ខ្លាំងពេក មិនអាចបន្តការប្រកួតបាន។សម្រាប់លទ្ធផល៥ប្រកួត ដែលបានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី២៣ កាលពីថ្ងៃសៅរ៍ ទី២១ កញ្ញា ឆ្នាំ២០១៩ មាន៣ប្រកួតរួមមាន៖ ខេត្តកំពង់ចាមប្រកួតចាញ់ អគ្គស្នងការដ្ឋាន នគរបាលជាតិ 0-៤, អគ្គិសនីកម្ពុជា ចាញ់គីរីវង់សុខសែនជ័យ ១-២ ខណៈ អង្គរថាយហ្គឺរ ប្រកួតចាញ់ សូលទីឡូអង្គរ ដោយលទ្ធផល ១-២ដែរ។ ចំពោះ២ប្រកួត ថ្ងៃអាទិត្យ ទី២២ ខែ កញ្ញា ឆ្នាំ២០១៩ គឺយុវជនបាទីប្រកួតចាញ់អាស៊ីអឺរ៉ុប យូណាយ ធីត ដោយ លទ្ធផ ២-៤ ស្រប ពេលដែល បឹងកេត និងណាហ្គាវើលដ៏ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផល ស្មើគ្នា ១-១។

ដោយឡែក ២ប្រកួតដែលលើកពេល ដោយសារភ្លៀងធ្លាក់ជោគជាំមិនអាចបន្តការ ប្រកួតបាននោះ គឺក្រុមក្រសួងការពារជាតិប្រកួតជាមួយភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់ ខណៈវិសាខាប្រកួតជាមួយ ព្រះខ័ណ្ឌរាជស្វាយរៀង នៅកីឡដ្ឋានវិសាខា ដោយ២ប្រកួតនេះ ធ្វើឡើងកាលពីល្ងាចម៉ោង ៦ ដូចៗគ្នា ហើយបានជួបភ្លៀងធ្លាក់យ៉ាងខ្លាំង។

បើតាមការប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធ​កីឡា​បាល់ ទាត់កម្ពុជាបានឱ្យដឹងថា ២ប្រកួត ដែលពេលនេះ ត្រូវប្រកួតនៅល្ងាចថ្ងៃចន្ទទី២៣ ខែកញ្ញានេះវិញ វេលាម៉ោង ៣និង៣០នាទី នៅទីលាន ដដែល៕

ដោយ ហេង ណាលីន