មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា និងអាហារពេលល្ងាច ជូនកុមារកំព្រា នៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ  ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ -កុមារកំព្រាខ្មែរឥស្លាម ៩៥នាក់ មកពីជុំវិញរាជធានីភ្នំពេញ ជាពិសេសសម្រាប់ ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ បានទទួលការឧបត្ថម្ភថវិកា និងអាហារសាមគ្គីពេលល្ងាច ដែល រៀបចំដោយឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងតំណាងឱ្យសម្ព័ន្ធ​យុវជនមុស្លិមកម្ពុជា សហការឧបត្ថម្ភដោយអង្គការដៃគូមកពីប្រទេសសិង្ហបុរី SG Qurban ។ កម្មវិធីផ្តល់អាហារនិងថវិកា ខាងលើបានរៀបចំនៅអាហារដ្ឋានហាឡាល់ម៉ាម៉ាក ម៉ាឡេស៊ី  កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ លោកជំទាវ កុប ម៉ារីយ៉ះ អ្នកតំណាង​រាស្រ្តមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម រ៉ហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់។

ឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថា នេះជាការរៀប​ចំជំនួបជាមួយក្មេងកំព្រាជាលើកទី៣សម្រាប់ឆ្នាំ ២០១៩នេះ ដែលលើកទី១ នៅខេត្តត្បូងឃ្មុំ ហើយបានជួបជុំកុមារកំព្រាជាង១០០នាក់ លើកទី២ នៅរាជធានីភ្នំពេញ ដែលមានជាង១០០​នាក់ ហើយលើកទី៣ នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជិត១០០នាក់។  ឯកឧត្ដម បានបន្ដថា សម្រាប់កុមារកំព្រាទាំង ៩៥នាក់ ក្នុងម្នាក់ទទួលបានកញ្ចប់អាហារ សម្រន់ច្រើន ប្រភេទ និងថវិកា៦ម៉ឺនរៀល ព្រមទាំងរៀបចំទទួលអាហារពេលល្ងាចជូនផងដែរ។

បើតាមការបញ្ជាក់ពីតំណាងសប្បុរសជន លោក Mouzz ammil PM បានឱ្យដឹងដែរថា តាមការគ្រោង កម្មវិធីគ្រោងនឹងធ្វើឱ្យបានយ៉ាងតិច៦ដង ក្នុងរយៈពេល ១ឆ្នាំ ដើម្បីជួយដល់​កុមារកំព្រានៅក្នុងប្រទេសកម្ពុជា៕

ដោយ សួស សំរិត