អាជ្ញាធរខេត្ដបន្ទាយមានជ័យ ចុះពិនិត្យមើលតំបន់ខ្លះ នៅក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក ដែលទទួលរងគ្រោះដោយ​ជំនន់ទឹកភ្លៀង

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលតំបន់ខ្លះរបស់ស្រុកអូរជ្រៅ ស្រុកស្វាយ​ចេក បាននិងកំពុងរងគ្រោះ​​ដោយសារជំនន់ទឹកភ្លៀងបានជន់លិចភូមិឋាន​ផ្ទះសម្បែង​ផ្លូវថ្នល់​ដំណាំកសិកម្មបន្ទាប់ពីមាន​ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ តែពុំបណ្តាលឱ្យគ្រោះ ថ្នាក់ដល់ជីវិតមនុស្សឡើយ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជា ពលរដ្ឋ​ជាច្រើនគ្រួសារ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការគ្នាជម្លៀសទៅ កាន់ទីទួល​មានសុវត្ថិភាព ជាបណ្ដោះអាសន្ន។

នៅក្នុងស្រុកអូរជ្រៅមេបញ្ជាការវរៈការពារព្រំដែនគោក៩១១នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សូ ចាន់ណារី បានឱ្យដឹងថា រហូតមកដល់​ល្ងាចថ្ងៃទី២២ ខែ​កញ្ញាឆ្នាំ២០១៩នេះ កម្លាំងនគរបាលសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការ សឹករង​ខេត្ត និងអាជ្ញាធរមូលដ្ឋានបានធ្វើសកម្មភាពជម្លៀសប្រជាពលរដ្ឋជាង៣០គ្រួសារ​ក្នុងភូមិអូរបី​ជាន់ដែលលិចលង់ខ្លាំងក្នុងចំណោមប្រជាពលរដ្ឋដែលទទួលរងគ្រោះប៉ះពាល់ដោយជំនន់ទឹកភ្លៀង១០៨គ្រួសារ ក្នុងឃុំអូរបីជាន់នេះមកកាន់ទីទួលសុវត្ថិភាពនៅសាលាឃុំរួម​ទាំងផ្តល់​ស្បៀងអាហារទៀតផង។ ជាមួយគ្នានេះ ប្រតិបត្តិការនឹងនៅបន្ដជាប់ជាប្រចាំរហូតប្រជា​ពល​រដ្ឋ​ទាំងអស់មានសុវត្ថិភាព។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរ​ដែនដីបានអញ្ជើញចុះទៅ​ពិនិត្យមើលស្ថានភាពទឹក នៅក្នុងស្រុកស្វាយចេក ទីតាំងអាង​អន្លង់រុត ​ក្នុងឃុំស្វាយចេក ស្រុកស្វាយចេកដែលស្ថានភាពទឹកបានហក់ឡើង​ខ្លាំងធ្វើឱ្យ​ដំណាំ​ស្រូវនៅទីតាំងនោះលិច​លង់មួយចំនួន ។ ដោយឡែកនៅឯឃុំស្លរក្រាម ផ្លូវចូល ភូមិទ័ពសៀម និងផ្លូវចូលវត្តស្លរក្រាម ដែលទទួលលំហូរទឹកខ្លាំងពីអាងអន្លង់រុតនោះបានជន់ឡើងលិច ភូមិ និងផ្ទះប្រជាពលរដ្ឋ​​​ប្រមាណ១៦គ្រួសារក្នុងភូមិទ័ពសៀមដែលរស់នៅជាប់ផ្លូវ។ ​
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ដក៏បានបន្តដំណើរចុះទៅជួបសួរសុខទុក្ខ និង ដោះស្រាយបញ្ហាប្រជាពលរដ្ឋ៣៤គ្រួសារ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ដែលទទួលរង​គ្រោះ​ទឹកជំន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនាបរិវេណសាលាឃុំអូរបីជាន់។ ទន្ទឹមនេះ ដើម្បី​សុខ​សុវត្ថិភាព និងការស្នាក់អាស្រ័យជាបណ្តោះអាសន្ន ឯកឧត្តមក៏បាននាំយក​អំណោយជាគ្រឿង​ឧបភោគ បរិភោគ រួមមានត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី នំធុង សារុង និងអង្ករ ព្រមទាំងផ្តល់​តង់ក្រាលដេក និងសំពត់កៅស៊ូបាំងទឹកភ្លៀងក្នុងរោងផងដែរ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យនិងដោះស្រាយបញ្ហាក្នុងថ្ងៃនេះឯកឧត្តមអភិបាលខេត្ត​ក៏ បាន​ណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវមានវិធានការត្រៀមកម្លាំង​មធ្យោបាយ​ដែលមានដើម្បីជួយដោះស្រាយបញ្ហាប្រជាពល​រដ្ឋ​ដែលនឹងអាចទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងភូមិសាស្ត្រខ្លួនឱ្យបានទាន់ពេល​វេលា​។​

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗកុំបណ្តែតបណ្តោយឱ្យលេងទឹកក្រែងកើតមានគ្រោះ​ថ្នាក់​ជាយថាហេតុណាមួយ​។ លើសពីនេះទៀត ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសត្វ​អាសិរពិស​ទិច ឬខាំបើក្នុងករណីកើតមានត្រូវបញ្ជូនទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព​ដែលនៅជិតដើម្បី​ជួយសង្គ្រោះបានទាន់ពេលវេលា៕

ដោយ ឈុន សារ៉ាត