ឯកឧត្តម ឆាន់ សាផាន អញ្ជើញជួបណេះសំណាលជាមួយសាស្ត្រាចារ្យ និងជូនរង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រធម្យសិក្សាទុតិយភូមិឆ្នាំ២០១៩

AKP ក្រចេះ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឆ្លូងបានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី ជាសាស្រ្តាចារ្យនិងជូនវង្វាន់លើកទឹកចិត្តដល់ សិស្សប្រឡងជាប់សញ្ញា បត្រធម្យសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨ -២០១៩នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃ សុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ 

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឱ្យដឹងថា លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨- ២០១៩ ទូទាំងខេត្តក្រចេះ មានបេក្ខ ជនប្រឡងសរុបចំនួន២១៨៤នាក់ ស្រី១១២៧ នាក់ ប្រឡងជាប់ជាស្ថាពរ ចំនួន១៤៣១នាក់ ស្រី ៨១៦នាក់ ស្មើនឹង៧១,២៨ ភាគរយ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤នាក់ ស្រី ២នាក់ និទ្ទេស Bមានចំនួន ៥១នាក់ ស្រី ២៣នាក់ និទ្ទេស C មានចំនួន ១១២នាក់ ស្រី ៦៤នាក់ និទ្ទេស D មានចំនួន ២៤៤នាក់ ស្រី ១២៥នាក់ និងនិទ្ទេស E មានចំនួន ១១២០ នាក់ ស្រី ៦០២នាក់ ។ ដោយ ឡែក វិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងស្រុកឆ្លួង មានសិស្សចូលប្រឡងចំនួន១៧៨នាក់ ស្រី៨៨នាក់ ប្រឡងជាប់ជាស្ថាពរចំនួន១៣៧នាក់ ស្រី៥៩ នាក់ ស្មើនឹង ៧៦,៩៧ ភាគរយ ក្នុងនោះជាប់និទេ្ទស A ១នាក់ ភេទស្រី និទេ្ទស B ១០នាក់ស្រី៣នាក់ និទេ្ទសC ១៦នាក់ ស្រី៦នាក់         និទេ្ទស D ២៧ នាក់ ស្រី១៣នាក់ និងនិទេ្ទសE ៨៣នាក់ ស្រី៣៦នាក់។                 ឯកឧត្ដម ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះ វិស័យអប់រំត្រូវបានធ្វើកំណែទម្រងយ៉ាងល្អនិងមានប្រសិទ្ធភាព ផ្ដល់ឱកាសឱ្យក្មួយៗចៅៗ សិស្សានុសិស្សទទួលបានការសិក្សារៀនសូត្រគ្រប់កម្រឹត មានចំណេះដឹង និងទទួលបានលទ្ធ ផលដូចថ្ងៃនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សា នុសិស្សដែលបានប្រឡងជាប់ទាំង ១៣៧នាក់នៅ វិទ្យាល័យសិលាវេទី គាត ឈន់ស្រុកឆ្លូង ត្រូវខិត ខំប្រឹងប្រែងធ្វើយ៉ាងណាបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីយកចំណេះដឹងដែលយើងមានស្វែងរកការងារធ្វើទាំងវិស័យរដ្ឋ និងឯកជន ឱ្យបានដើម្បីទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារ។

ក្នុងឱកាសនោះដែរឯកឧត្តម ឆាន់ សាផាន់ បានអញ្ជើញប្រគល់ប្រាក់រង្វាន់ លើក ទឹកចិត្តដល់ សិស្សជាប់និទ្ទេស A ១នាក់ (ស្រី) នូវថវិកាចំនួន១០០០ដុល្លារ អាម៉េ រិក សិស្សនិទ្ទេស B ១០ នាក់ (ស្រី ៣នាក់) ក្នុងម្នាក់ៗទទួលបានប្រាក់ ៦០០ ដុល្លារ អាម៉េរិក សិស្សនិទ្ទេសC ចំនួន១៦នាក់ (ស្រី ៦នាក់) ទទួលបានប្រាក់ចំនួន ៤០០ ដុល្លារអាម៉េរិក សិស្សនិទ្ទេសDចំនួន ២៧នាក់ (ស្រី ១៣នាក់) ទទួលបានប្រាក់ចំនួន ២០០ដុល្លារអាម៉េរិក និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ៨៣នាក់ (ស្រី ៣៦ នាក់) ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ១០០ដុល្លារអាម៉េរិក។

ដោយឡែក លោក លោកស្រីសាស្រ្តចារ្យចំនួន ៤៧នាក់ ក្នុងម្នាក់ៗទទួល បានថវិកា២០០ដុល្លារអាម៉េរិក ព្រមទាំង វិទ្យាល័យ និងអនុវិទ្យាល័យចំនួន៩ កន្លែងផ្សេងទៀតទទួលបានទឹកប្រាក់ចំនួន២៥០ដុល្លារអាម៉េរិកដូចៗគ្នា៕

ដោយ  ជួន សុជាតិ