កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅខែវិច្ឆិកាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលការគាំទ្រពីសហគមន៍អន្តរជាតិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ីប៉ា ស៊ីហ្វិកពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅភ្នំពេញ ដោយផ្ដោតទៅ លើប្រធាន បទស្ដីពី ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួម ជាតិ ការពឹងពាក់គ្នាទោវិញទៅមក វិបុលភាព និងតម្លៃសកល។

ឯកឧត្ដម ឯក ថា ជាអនុប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីបណ្ដាថ្នាក់​ដឹកនាំ ជាប្រមុខរដ្ឋ ​និងប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា រដ្ឋមន្ត្រី និង​អតីត​ប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាល មកពីជាង៥០ប្រទេស ព្រមទាំងអ្នកមុខអ្នកការ​តំណាងមកពីវិស័យឯកជន សិល្បករ យុវជន សរុបទាំងអស់មកពីជាង១៥០ប្រទេស។ ឯកឧត្ដមលើកឡើងថា អង្គការសហព័ន្ធសន្តិភាពសកល(UPF) ដែលជាអង្គ​ការមិនមែន​រដ្ឋាភិ​បាល ធ្វើការក្នុងឋានៈខ្លួនជាអ្នកពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច របស់​អង្គការសហប្រជាជាតិក៏បានចូលរួមសម្របសម្រួលក្នុងដំណើរការកិច្ចប្រជុំកំពូលនេះផងដែរ។

ជាមួយគ្នានេះ ដើម្បីឱ្យព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលទទួលបានជោគជ័យ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី បានតែងតាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋ​មន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាននៃគណៈកម្មការ​អន្តរក្រសួងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅកម្ពុជា។ នៅក្នុងគណៈ​កម្មការនេះក៏មានអនុប្រធាន៣រូប រួមមាន៖ លោកជំទាវ ភឿង​ សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រៅពីនេះ ក្នុងគណៈកម្មការនេះ​ក៏មានសមាជិក​មកពីក្រសួងស្ថាប័នពាក់ព័ន្ធសរុបទាំងអស់ចំនួន២០ សម្រាប់ដំណើរការរៀបចំនៃកិច្ច​ប្រជុំ​កំពូលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំការងារជា​មួយតំណាងអនុប្រធាន និងសមាជិកនៃគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ការទទួលបដិសណ្ឋារកិច្ចជារឿងសំខាន់ ហើយស្នើរឱ្យលេខាធិការដ្ឋានដឹក​នាំដោយ ឯកឧត្តម គឹមរ័ត្ន វិសិដ្ឋ បង្កើតអនុកម្មការចំនួន៦ ដើម្បីជួយសម្រួលដល់​ការងារតាម​ជំនាញនៅក្នុងដំណើរការកិច្ចប្រជុំកំពូលនេះ ឱ្យទទួលបានជោគជ័យដូចកាលពីអតីតកាល ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដូចជា អាស៊ាន(ASEAN) គណៈកម្មការបេតិ​កភណ្ឌពិភពលោក(WHC)​ កិច្ចប្រជុំក្រុមវប្បធម៌អាស៊ី(ACC) និងកិច្ចប្រជុំផ្សេងៗទៀត។

ប្រទេសកម្ពុជា ដែលធ្លាប់តែរងការហែកហួរពីសង្គ្រាម ជាពិសេសនៅទសវត្សរ៍៧០ បានបំផ្លិចបំផ្លាញប្រទេស​​​​​​នេះដល់កម្រិតសូន្យ ព្រមទាំងបាត់បង់អាយុជីវិតប្រជាជនរាប់​លាននាក់។ ប៉ុន្តែឥឡូវនេះ កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ បានធ្វើឱ្យព្រះរាជាណាចក្រនេះទទួលបានសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យចាប់តាំងពីចុងឆ្នាំ១៩៩៨។ ស្ថានភាពនេះ​បានរួមចំណែក​យ៉ាងធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម​ជាង៧ភាគរយ ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលប្រជាជនម្នាក់ៗ ត្រូវបានរំពឹងថានឹងកើនដល់​១.៦៧៩ដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មាន១.៥៤៨ដុល្លារ​អាម៉េរិក។​ ចំណែកឯអត្រានៃភាពក្រីក្រវិញត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយ។ លើស​ពីនេះទៀត កម្ពុជាបានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងសកលភាវូបនីយកម្ម តាមរយៈ​សក្ខីកម្មដូចជា កម្ពុជាបានចូលជាសមាជិកអាស៊ាន(ASEAN) នៅឆ្នាំ១៩៩៩ និងចូលជាសមា​ជិក​អង្គការពាណិជ្ជកម្មពិភពលោក(WTO) នៅឆ្នាំ២០០៤ ក៏ដូចជាសមិទ្ធផលដ៏ច្រើនអនេក តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងកម្រិតតំបន់ និងអន្តរជាតិ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​នយោបាយការបរទេសជាមិត្តល្អនឹងគ្នា បានទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុន​នៅ​ក្នុងប្រទេស ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទឹកប្រាក់៥ ទៅ៦ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ ហើយបានបង្កើតការងាររាប់ម៉ឺនសែនកន្លែងទៀតផង។ ទន្ទឹមនេះដែរ កម្ពុជាបាន​នាំ​ចេញទំនិញខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដែលមានទឹកប្រាក់ជាច្រើនពាន់លាន់ដុល្លារ​ក្នុងមួយ​ឆ្នាំៗ។

ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាក៏បានរួមចំណែកក្នុងការថែរក្សាសន្តិ​ភាព​ពិភព​លោកតាមរយៈការបញ្ចូនកម្លាំងរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ស្រប​ពេលជាមួយគ្នានេះ សិទ្ធិ សេរីភាព​ និងការបញ្ចេញមតិត្រូវបានគោរព ដោយផ្អែកតាមរដ្ឋ​ធម្មនុញ្ញខ្លួន និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ អង្គការមិនមែនរដ្ឋាភិបាលប្រមាណ​៥.០០០ ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការនៅកម្ពុជា ដែលស្ថានភាពនេះត្រូវបានមជ្ឈដ្ឋាន​ជា​ទូទៅពិពណ៌នាកម្ពុជាថា ជាឋានសួគ៌សម្រាប់អង្គការមិនមែនរដ្ឋាភិបាល។ កត្តាទាំងនេះហើយ បានធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈសក្ខីកម្ម ដែលកម្ពុជាបាន​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំលំដាប់ថ្នាក់ពិភពលោកផ្សេងៗទៀត ក៏ដូចជានៅ​ពេលនេះដែល អង្គការសហព័ន្ធសន្តិភាពសកល(UPF) ជាស្ថាប័នពិគ្រោះយោបល់របស់​ក្រុម​ប្រឹក្សាសង្គម និងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិ ដែលមានបណ្ដាញសាខារបស់ខ្លួននៅ​ជាង១៥០ប្រទេស ក៏ផ្ដោតសំខាន់ទៅលើការកសាងសន្តិភាព ការដោះស្រាយវិវាទ ការពង្រឹង​ចំណងអាពាហ៍ពិពាហ៍ និងគ្រួសារ យុវជន និងសេវាកម្ម ដែលជាការចូលរួមចណែកឱ្យមាន​សុខដុមរមនានៅក្នុងសង្គមជាតិ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នាខែវិច្ឆិកាខាងមុខនេះ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូល​រួមនៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលនេះ ក៏នឹងមានរៀបចំនូវកម្មវិធី ការជួបជុំគ្នាលក្ខណៈ ជាក្រុមគ្រួសារ និងមិត្តភាពប្រមាណ៣.០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល​កោះពេជ្រ។

កាលពីខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលនៃប្រទេស សេណេហ្គាល់ បានសហការជាមួយ​សហព័ន្ធសហភាពសកល(UPF) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាហ្វ្រិកលើកទីមួយ ដែល​មានការចូលរួមជាង១.២០០នាក់ មកពីជាង៦០ប្រទេស។ កិច្ចប្រជុំកំពូលអាហ្វ្រិកលើកទីពីរ ត្រូវបានធ្វើឡើងនៅអាហ្វ្រិកខាងត្បូង នៅក្រុងខេប។ កាលពីខែធ្នូ ឆ្នាំ២០១៨ កិច្ចប្រជុំកំពូល​អាស៊ីប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ ដែលមានការចូលរួមពីភ្ញៀវកិត្តិយ​សប្រមាណ១.៥០០នាក់ មកពី៤៥ប្រទេស។ ដោយឡែក នៅក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិ​បាលកម្ពុជា បានសហការជាមួយសហព័ន្ធសហភាពសកល(UPF) ដើម្បីរៀបចំកិច្ចប្រជុំកំពូល​នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

ដោយ AKP