ប្រកាសបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃតី២០ ខែកញ្ញា ឆ្នាំ២០១៩ — ការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ប្រចាំឆ្នាំ២០១៩ ត្រូវ​បាន​ប្រកាសបើកឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ​ ទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​សហ​ព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានថ្លែងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេច​វិបុលបញ្ញា សុខ អាន ត្រូវបានបង្កើតឡើងក្រោម ការជ្រោមជ្រែង​និងឧបត្ថម្ភផ្ទាល់ពីក្រុមគ្រួសាររបស់​សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរម្លឹកដល់គុណូបការៈ របស់សម្តេច ដែលជាស្ថាបនិក និងបានចូលរួមអភិវឌ្ឍន៍កីឡាប៊ូល និងប៉េតង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគុណូប​ការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននេះហើយបានបង្កើតនូវស្នាដៃ និងសមិទ្ធផល​ជាច្រើន​ដល់យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ។ ឯកឧត្ដមបន្ដថា ជាលទ្ធផលរហូតដល់​ពេល​នេះ ក្រុមកីឡាប៉េតង់ជម្រើសជាតិ កម្ពុជាបានចូលរួមប្រកួតលើឆាកអន្តរជាតិទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោកបានទទួលមេដាយសរុប២៦៨ ក្នុងនោះមេដាយមាស ៧២ ប្រាក់៩៣ សំរឹទ្ធិ ១០៣គ្រឿង។ ឯកឧត្តមបន្ថែមថា ក្រោមការយកចិត្តទុកដាក់ និងទស្សនៈដ៏វែង​ឆ្ងាយ​របស់សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតឱ្យមានយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ក្នុងការ​ហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅនៃ SEA GAMES ឆ្នាំ ២០២៣នេះឡើយ ដូច្នេះសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា គឺជាកម្លាំង​ស្នូល​ក្នុងការរៀបចំផែនការរបស់ខ្លួន ដោយសហការណ៍ជាមួយក្រសួងអប់រំ យុវជន និង​កីឡាព្រមទាំងធ្វើការជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ជាពិសេសប្រតិភូ​ដែលមានវត្តមាននៅទីនេះ ក៏ជាអ្នកសំខាន់ក្នុងការសម្រេចទិសដៅនេះដែរ។

ឯកឧត្តមប្រធានសហព័ន្ធស្នើឱ្យកីឡាករ កីឡាការិនីទាំងអស់ប្រឹងប្រែង ក្នុងការប្រកួត​ដណ្តើមយកជ័យលាភី ដោយឈរលើស្មារតីសាមគ្គីភាព យោគយល់ (Fair Play) និងគោរព​បទបញ្ជានៃការប្រកួតឱ្យបានគ្រប់ៗគ្នា។

យោងតាមមន្ត្រីបច្ចេកទេសបានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានក្លិបចូលរួមសរុប​ចំនួន​៣៦ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៦១នាក់ ក្នុងនោះ​មាន​កីឡាករ ២៤៩នាក់ និងកីឡាការិនី ៦០នាក់ ដែលប្រកួតនៅព្រឹកថ្ងៃទី២០ និងគ្រោងបញ្ចប់​នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ហេង ណាលីន