អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ផែនការចូលស្រុករបស់ទណ្ឌិតសម រង្ស៊ី ឆ្លងហួសបន្ទាត់ក្រហម ឈានដល់ផែនការធ្វើរដ្ឋប្រហារ ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអះអាងថា ផែនការប្រកាសវិលចូលស្រុកវិញរបស់​ទណ្ឌិត​សម រង្ស៊ី បានឆ្លងដល់បន្ទាត់ក្រហម និងឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលជា បទឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំ ពាក្យ​ក្រសួងយុត្ដិធម៌។

បើតាមការបញ្ជាក់ពីឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានឱ្យដឹងថា ជារួមផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នេះ មិនមែនជារឿង​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហម ឈានដល់​ផែន​ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់​សន្តិសុខនៃរដ្ឋដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្ដមបានលើកឡើងថា ចំពោះអ្នកចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវ​បានកំណត់ថា ជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្ម​ទណ្ឌ​ផងដែរ។  ជាមួយគ្នានេះ ត្រូវចូលរួមការពារនិងថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និង​សេចក្តីសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្ដិធម៌ បានឱ្យដឹងដែរថា មានមនុស្ស​មួយក្រុមក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ​ដែលជា​អង្គ​ការ​​ ខុសច្បាប់ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងទៅនឹងអ្វី ដែលគេហៅថា ផែនការ​នៃការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។ ការចេញសេចក្ដីប្រកាស​ព័ត៌មាននេះ ត្រូវ បានអ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ថា ក្រសួងយុត្តិធម៌បានពិនិត្យតាមដាន និង សិក្សាដោយយកចិត្តទុកដាក់ចំពោះករណីខាងលើនេះ និងបានពិនិត្យឃើញថា ផែនការទាំង មូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី ខាងលើ ពុំមែនជារឿងលទ្ធិប្រជាធិប តេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់ វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញ ប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិឱ្យបះបោរ តាមរូបភាព ជា បដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់​ធ្ងរ​បំផុតប៉ះពាល់  ដល់សន្តិសុខនៃរដ្ឋ។

ឯកឧត្ដម ជិន ម៉ាលីន បានអះអាងថា យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ទី១-ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើស​ឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និង មាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយប្រសិនបើជនល្មើស ជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើស ឧបឃាត ” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។  ទី២.ចំពោះរាល់បុគ្គល ទាំង ឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជា​បទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្ម ទណ្ឌ ដោយដាក់​ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែម ទម្ងន់ ដាក់ពន្ធនាគារពី ១០ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយ ឡែកចំពោះបុគ្គលណា​ដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបាន សារភាពចំពោះមុខ​អាជ្ញាធរ​​មានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែង​ឱ្យ​រួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រ ហ្មទណ្ឌ នៃព្រះ​រាជាណាចក្រកម្ពុជា។។ ទី៣-ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់​លំដាប់​ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយ​សាលដីកា​ស្ថាពរ​លេខ ៣៤០ (ឆ) ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តន៍ផែនការខាងលើ គឺជាទង្វើ ប្រឆាំងនឹងសាលដីការបស់តុលាការ កំពូលផង ខុសទៅនឹងច្បាប់ស្តីពី​គណបក្ស​នយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។ ទី៤-ផែន​ការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្ម​ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការ ប្រឆាំងនឹងភេរវកម្មអាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។ ផ្អែកលើមូល​ដ្ឋានផ្លូវ​ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំដល់កងកម្លាំង​មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹង​បំផុត  ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សា​សន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

ដោយ ប៊ុនរិទ្ធ