សម្តេចប្រធានរដ្ឋសភា៖ ច្បាប់សំណង់ដែលរដ្ឋសភាកំពុងសិក្សានឹងក្លាយជាឧបករណ៍ដ៏ មានសារៈសំខាន់ដើម្បីជំរុញវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា​ សេចក្តី ព្រាងច្បាប់ស្តីពីសំណង់ដែលរដ្ឋសភាកំពុងពិនិត្យសិក្សា នឹងក្លាយជាច្បាប់ដ៏មានសារៈសំខាន់ ជាបទដ្ឋានគតិយុត្តថ្មីបន្ថែមលើអ្វីដែលមានស្រាប់ ក្នុងការជំរុញវិស័យសំណង់នៅកម្ពុជាឱ្យ កាន់តែរីកចម្រើន គោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព សោភណភាព និងបរិស្ថាន។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការ ឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរៀបចំធ្វើឡើងដោយគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា សហការជាមួយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ សម្តេចបានគូសបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់ ស្តីពីសំណង់តាក់តែងឡើងក្នុងបរិបទវិស័យ សំណង់ មានការ រីកដុះដាលកាន់តែច្រើន មានលក្ខណៈកាន់តែធំកាន់តែខ្ពស់។  ជាពិសេស ក្នុងពេលដែលវិស័យសំណង់បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងមាន និរន្តរភាព ក្នុងចំណោមវិស័យផ្សេងទៀត ដែល មានដូចជា​ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម។

សម្តេចបន្តថា រដ្ឋសភាបានទទួលយកសេចក្តី ព្រាងច្បាប់ស្តីពីសំណង់ តាមសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សាដោយបានប្រគល់សេចក្តីព្រាង ច្បាប់នេះ ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលមាន​ លោកជំទាវ និន សាផុន ជាប្រធានពិនិត្យសិក្សា។ សិក្ខាសាលាដែលរៀបចំ នាពេលនេះ ជាវេទិកាមួយ ដើម្បីទទួលយកមតិយោបល់ ពីមជ្ឈដ្ឋាននានាដើម្បីជាធាតុចូល ដែលអាចធ្វើឱ្យសេចក្តី ព្រាងច្បាប់ស្តីពីសំណង់នេះ ឱ្យមានខ្លឹមសារ គ្រប់ជ្រុងជ្រោយ និងបម្រើដល់ប្រជាពលរដ្ឋទូទៅ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់សិក្ខា សាលាធ្វើការផ្លាស់ប្តូរ មតិយោបល់ និងអនុសាសន៍ល្អៗ ដើម្បីឱ្យសេចក្តី ព្រាងច្បាប់នេះបម្រើដល់ផល ប្រយោជន៍សង្គម និងពលរដ្ឋ តាមរយៈ ការគ្រប់គ្រងលើការងារ ក្នុងវិស័យសំណង់ឱ្យបានល្អ ដើម្បីធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ពលរដ្ឋ។ ធានាបាននូវគុណភាព សោភណភាព និងបរិស្ថានល្អ រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ  និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ក្នុងវិស័យសំណង់ ដើម្បីជំរុញទីផ្សារអចលនៈទ្រព្យឱ្យកាន់តែរីកចម្រើន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់សិក្ខាសាលា ធ្វើការផ្លាស់ប្តូរមតិយោបល់ និងអនុសាសន៍ល្អៗ ដើម្បីឱ្យសេចក្តី ព្រាងច្បាប់នេះបម្រើដល់ផល ប្រយោជន៍សង្គម និងពលរដ្ឋ តាមរយៈ ការគ្រប់គ្រងលើការងារ ក្នុងវិស័យសំណង់ឱ្យបានល្អ ដើម្បីធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ពលរដ្ឋ។ ធានាបាននូវគុណភាព សោភណភាព និងបរិស្ថានល្អ រក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិ  និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ក្នុងវិស័យសំណង់ដើម្បីជំរុញទីផ្សារអចលនៈទ្រព្យឱ្យកាន់តែរីកចម្រើន។

សេចក្តីព្រាងច្បាប់នេះ បានឆ្លើយតបនឹងគោលនយោបាយជាតិស្តីពីការរៀបចំ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ ផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សេចក្តីព្រាងច្បាប់សំណង់ ត្រូវបានតាក់តែងឡើង តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយមានការចូលរួមផ្តល់យោបល់ពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជួន និងទេស ចរណ៍នៃប្រទេសជប៉ុន។ សេចក្តី ព្រាងច្បាប់នេះ មាន២២ជំពូក និង ១១១ មាត្រា មានគោលបំណង ក្នុងការពង្រឹងការគ្រប់គ្រងភាគីពាក់ព័ន្ធ នឹងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឱ្យមាន សោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់ សុខុមាលភាពសាធារណៈជាដើម។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា ជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគ វិស័យសំណង់មានកំណើនទៀងទាត់ និងនៅបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរី លំនៅឋាន ។ល។  លោកជំទាវ និន សាផុន សង្កត់ធ្ងន់ថា សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញកាន់តែ ទាមទារឱ្យមានការ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពសំណង់៕

ដោយ ប៉ាល់ សុង