ប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើងនៅឆ្នាំ២០២០ នឹងទទួលបាន១៩០ដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — បន្ទាប់ពីបានធ្វើការចរចាគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនលើក មក លទ្ធផលប្រាក់​ឈ្នួល អប្បរមា សម្រាប់កម្មករ និយោជិត ក្នុងឆ្នាំ២០២០ខាងមុខ នឹងទទួលបាន ១៩០​ដុល្លារអាម៉េរិក បូកទាំងការបន្ថែម៣ ដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាកច្រកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអតិប្បរមា អាណត្ដិទី១ លើកទី៦ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានបញ្ជាក់ថា មុននឹងឈានដល់ការបោះឆ្នោតសម្រេច ភាគី​ទាំងអស់ បានជជែកគ្នាយ៉ាងស្វិតស្វាញ  និងមានភាពចាស់ទុំក្នុងការជជែកគ្នា ហើយចុង​ក្រោយក្រុមប្រឹក្សាជាតិបានសម្រេចបោះឆ្នោតកំណត់យកតួលេខរួមចុងក្រោយមួយគឺ១៨៧ ដុល្លារ។ បន្ថែមចំនួនតួលេខនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែម៣ដុល្លារ ពីលើ​ចំនួនតួលេខរួមគឺ១៨៧ដុល្លារ ដែលគិតសរុប១៩០ដុល្លារ។ ឯកឧត្ដមបានបញ្ជាក់ថា “ប្រាក់​ឈ្នួលអប្បរមកម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែក​ជើងឆ្នាំ២០២០ គឺមាន១៩០ដុល្លារអាម៉េរិក រួមទាំងអត្ថប្រយោជន៍ដែលបង ប្អូនកម្មករ​មាន​ស្រាប់  ដូចជាសាហ៊ុយស្នាក់នៅ ប្រាក់ធ្វើដំណើរ និងប្រាក់អតីតភាព ដែលបូក សរុបទៅគឺ​លើសពី​២០០ដុល្លារឡើងទៅ ហើយក៏ជាដូរមួយដែលបងប្អូនកម្មករទទួលបាន មុនថ្ងៃ​ភ្ជុំ​បិណ្ឌ”។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២០ រាជដ្ឋាភិបាលបាន​រៀបចំរួចរាល់ហើយ សម្រាប់បងប្អូនកម្មករ និយោជិត ដូចជាការធ្វើដំណើរពីរាជធានីភ្នំពេញ ដោយ រថយន្តក្រុងជាង១០០គ្រឿង និងមធ្យោបាយផ្សេងទៀតផងដែរ។ ឯកឧត្ដមបន្ដទៀតថា ការជជែកគ្នារឿងប្រាក់ឈ្នួលនេះ គឺធ្វើឡើងអស់រយៈពេល២០លើកមកហើយ ដោយភាគី​សហជីពបានសំណូមពរចំនួន១៣ចំណុច ដែលផ្នែកខ្លះពាក់ព័ន្ធនឹងក្រសួងការងារ នឹងយក​មកពិនិត្យ ហើយក៏មានសំណូមពរមួយចំនួនទៀត ពាក់ព័ន្ធនឹងអន្តរក្រសួង ស្ថាប័ន ដែល​នឹងបញ្ចូនទៅអន្តរក្រសួងទាំងនោះដោះស្រាយ ជាពិសេសក៏មានពាក់ ព័ន្ធនឹងនិយោជក ឬម្ចាស់រោងចក្រ ផងដែរ។

ជាមួយគ្នានេះដែរ ភាគីខាងនិយោជក ក៏មានសំណើមួយចំនួន ដូចជាការសម្រួល​ធ្វើពាណិជ្ជកម្ម នីតិវិធីផ្សេងៗ ហើយការស្នើសុំនេះ ខាងក្រសួងនឹងយកដំណើនេះ មកពិនិត្យ​និងដោះស្រាយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា “ឆ្នាំនេះ ខ្ញុំកត់សម្គាល់ឃើញថា​ការជជែក​ពិភាក្សាប្រាក់ឈ្នួល តាំងពីដំបូង គឺមានភាពសកម្ម  ដោយមានវិជ្ជាជីវៈ និងភាពចាស់ទុំ អីញ្ចឹង​ទេយើងទទួលបានលទ្ធផលចុងក្រោយរួម ទោះបីតួលេខខុសគ្នាក្តី”។

លោកឧកញ៉ា ណាង សុធី តំណាងភាគីនិយោជកឱ្យដឹងថា ភាគីសហនិយោជក​ទទួលយកចំពោះលទ្ធផលដែលសម្រេចដោយការបោះឆ្នោតលើប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករ និយោជិតក្នុងឆ្នាំ២០២០នេះ។ លោកឧញ៉ាថ្លែងថា “ជាគោលការណ៍  និយោជក​យើងទទួលដោយរីករាយ ព្រោះវាជាច្បាប់ដែលកំណត់ដោយត្រីភាគី ហើយយើង​សង្ឃឹមថាប្រាក់ឈ្នួលនេះនឹងអនុវត្តន៍ដូចផែនការខែទី១ ឆ្នាំ២០២០តទៅ”។

លោកឧញ៉ាបានបន្ដថា ភាគីនិយោជកក៏បានលើកឡើងពីការងារដែលចង់បានទៀតគឺ ផលិតភាព ក្នុងនោះទាក់ទងនឹងថ្ងៃធ្វើការងារ បើរាជរដ្ឋាភិបាលកាត់បន្ថយកាត់បន្ថយថ្ងៃ ឈប់​សម្រាក់ទៀតកាន់តែល្អ ដើម្បីបង្កើនការវិនិយោគ។ លើសពីនេះ ប្រទេសកម្ពុជានៅ​តែត្រូវ​ការការវិនិយោគ  ហើយប្រាក់ឈ្នួលកម្មករវិញគឺឡើងដល់កម្រិតខ្ពស់ហើយ ។ លោកឧក​ញ៉ាបានប្រៀបធៀបថា នៅប្រទេសវៀតណាមប្រាក់ខែ តែ១៩០ដុល្លារទេ ឥឡូវនេះកម្ពុជា​ឡើងដល់១៩០ដុល្លារដែរហើយ។ លោកឧកញ៉ាបន្ថែមថា ទោះបីជាប្រាក់ឈ្នួលមានចំនួនមួយ​ដែលឯកភាពយើងនឹងខិតខំប្រឹងប្រែងឱ្យដំណើរការទៅមុខ និងកសាងសេដ្ឋកិច្ចជាតិ៕

ដោយ ប៊ុនរិទ្ធ