បឹងកេតឈ្នះវិសាខា ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩–ក្រុមបឹងកេតប្រជែងបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា នៅវគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

៤គ្រាប់ជ័យជម្នះរបស់បឹងកេតធ្វើសម្រេចបានដោយកីឡាករ ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ម្នាក់ឯង នៅនាទីទី៦, នាទី៣៨ និងនាទី៤៨ និង១គ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ ម៉ុន វ៉ាន់ដា ខណៈក្រុម វិសាខាបានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីព្យាយាមបកតែមិនអាច បំប៉ោង សំណាញ់ ទីក្រុមបឹងកេតបាន។

លោក ហៅ សុជាតិ គ្រូបង្គោលក្រុមបឹងកេតបានលើកឡើងថា ការយកឈ្នះលើគូប្រកួត ៤ទល់០នេះ គឺ ជាលទ្ធផលពុំនឹកស្មាន ព្រោះមុនការប្រកួត លោកបានផ្ដល់ការគោរពយ៉ាងខ្លាំងចំពោះគុណភាព កីឡាករវិសាខា តែថាការសម្រេចប្រើយុទ្ធសាស្ត្រទប់ ហើយវាយបកផ្ដល់ផលអតិប្ប រមាចំពោះ បឹងកេត។

លោកមិននឹកស្មានថា កូនក្រុមរបស់លោកអាចធ្វើបានល្អបែបនេះអាចធ្វើ បានគ្រាប់បាល់ដល់ប៉ុណ្ណឹងទេ ព្រោះយើងដឹងថា កីឡាករ វិសាខា សុទ្ធតែជាកីឡាករល្អៗពិសេស ជាប់ក្នុង ជម្រើសជាតិច្រើន។​ ចំពោះយុទ្ធសាស្ត្រក្នុងប្រកួតនេះ ដោយសារ លោកសង្កេតឃើញការប្រកួតកន្លងមករបស់ វិសាខានៅក្នុងពានសម្ដេចស្ទើរតែគ្រប់ប្រកួតគាត់ផ្ដោតលើការប្រយុទ្ធច្រើនជាងការពារ ដូច្នេះហើយទើបក្រុមបឹងកេតអាចសម្រេចប្រើការលេងបែបការពារហើយវាយបកវិញ។

សូមរម្លឹកថា  បឹងកេតធ្លាប់បានត្រឹមលេខ៣ម្ដងកាលឆ្នាំ ២០១៤ និងលេខ៤នៅឆ្នាំ២០១៧ ក្នុងប្រវត្តិពានរង្វានសម្ដេចតេជោ ហ៊ុន សែន។ ក្រោយឈ្នះវិសាខានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បឹងកេត ត្រូវឡើងឈរនៅ វគ្គផ្ដាច់ព្រ័ត្រ ដោយរង់ចាំអ្នកឈ្នះរវាងព្រះខ័នរាជស្វាយរៀង ឬ ភ្នំពេញក្រោន ដែល ក្រុមទាំង២នឹងត្រូវប្រកួត នៅម៉ោង ៦ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ៕

ដោយ ហេង ណាលីន