ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៩៥គ្រួសារ នៅក្នុងក្រុងក្រចេះបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

AKP ក្រចេះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន៩៥គ្រួសារ នៅក្នុងក្រុងក្រចេះ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលបានយកទៅចែកជូន ប្រជាពលរដ្ឋនាពេលនោះគឺដឹកនាំដោយឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី១យួរ និងមុងជ្រលក់ថ្នាំ១។

ក្នុងឱកាសផ្តល់អំណោយ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរង គ្រោះនាពេលនោះឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេចតែងតែមានការព្រួយបារម្ភចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ច្រក ល្ហក និងមានវិធាន ការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ ពេលវេលាទោះនៅក្នុងស្ថានភាពណាក៏ដោយ សម្តេចចាត់ទុកការលំបាករបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ជាការលំបាករបស់សម្តេចដែលត្រូវតែ ជួយដោះស្រាយឱ្យបាន ទាន់ពេលវេលា។

ឯកឧត្តម ធុន គ្រី បញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាម រយៈគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានចុះធ្វើសកម្មភាពគ្រប់ទីកន្លែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រកទីទួលសុវត្ថិភាព និងនាំយកនូវអំណោយសង្គ្រោះទាន់ពេលវេលាជូនដល់ប្រជា ពលរដ្ឋរង គ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ទុក្ខលំបាក និងតម្រូវការ បន្ទាន់របស់បងប្អូន៕

ដោយ ជួន សុជាតិ