សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា សហការជាមួយរដ្ឋបាល ខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វ ផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ក្រោមអធិបតីភាពឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតី តយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះ សីហនុ មានការអញ្ជើញចូលរួមពីអស់ លោក លោកស្រី  មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត នៅសាលាខេត្តព្រះ សីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍បើកសិក្ខាសាលាថា គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីមនុស្សវ័យចាស់ (២០១៧- ២០៣០) របស់រាជរដ្ឋា ភិបាល ពិសេសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានឆ្លើយតបចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ ជាធនធានដ៏មានសារសំ ខាន់មិនចេះរីងស្ងួត បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្ស ជំនាន់ក្រោយ ហេតុនេះទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ ជាគតិ បណ្ឌិត ជាសម្បត្តិវប្បធម៌ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានបន្តការគិតគូរជាសំខាន់ ទៅលើមនុស្សចាស់ដែល បានកំណត់ច្បាស់ក្នុងគោលនយោ បាយជាតិ និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ហើយការងារនេះក៏ជាការងារ អទិភាពទី៤  ក្នុងចំណោមការងារអទិភាពទាំង៨ របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងជាចក្ខុវិស័យ និងគោលដៅ នៃគោលន យោបាយជាតិ គឺធានាថា មនុស្សចាស់អាចចូលរួមយ៉ាងពេញលេញ ដោយសេរីនឹងមានសេចក្តីថ្លៃថ្នូរ តាមដែលពួកគាត់ចង់ ក្នុងសកម្មភាពគ្រួសារ សហគមសេដ្ឋកិច្ច សង្គម សាសនា និងនយោ បាយ ហើយធានាថាមនុស្សវ័យក្មេងនឹងត្រូវបណ្ដុះបណ្ដាលចំណេះដឹងបានល្អប្រសើរដែលអាចជួយពួកគាត់ គ្រប់គ្រងដំណើរជីវិតរស់នៅដែលបង្កើតផលផ្លែផ្កាប្រកបដោយសុខភាពល្អ សកម្ម និងភាពថ្លៃថ្នូរច្រើនជាងអ្នកជំនាន់មុន នៅពេលដែលគាត់ឈានដល់វ័យចាស់។ មនុស្ស យើងពេលចូលដល់វ័យចាស់ បញ្ញាស្មារតី និងសុខភាពតែងតែចុះខ្សោយជាបណ្ដើរៗកាន់តែចាស់ភាពងាយរងគ្រោះកាន់តែកើតមាន ដែលត្រូវការគាំទ្រសេវាសុខមាលភាពជាប្រចាំ ដើម្បីឱ្យមានភាពរឹងមាំ និងអាយុយឺនយូរ ស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន មនុស្សចាស់ភាគ ច្រើនរស់នៅជាមួយក្រុមគ្រួសារកូន ចៅ ឬជាមួយសាច់ញាតិ ហើយមួយចំនួនទៀតកំព្រាឯកោ ក៏រស់នៅតាមវត្តអារាម ដោយទទួលបានការឧបត្ថម្ភពីព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ និងមនុស្សចាស់ដូចគ្នា។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា ចាប់ពីឆ្នាំ២០១៦- ២០១៧ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ សហការជាមួយក្រសួងសង្គមកិច្ច បានបង្កើតសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ បានចំនួន ២៩សមាគម ស្មើនឹង ២៩ឃុំ សង្កាត់ ទូទាំង៥ ក្រុង ស្រុក ដែលមានសមាជិកភាពចំនួន ២២៧នាក់។ សមាគម២ បានដំណើរល្អ ក្នុងនោះមានសមាគម មនុស្សចាស់ឃុំ អូរឧកញ៉ាហេងស្រុកព្រៃនប់ និងសមាគមមនុស្សចាស់សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។ ក្រៅពីនេះ សមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់មួយចំនួនមានដំណើរការមធ្យម និងភាគច្រើនមិនមានដំណើរការ។

លោកស្រីបន្តថា សិក្ខាសាលានេះ និងផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ អស់លោក លោកស្រី យកចិត្តទុកដាក់តាមដានស្ដាប់ កត់ត្រានូវចំណុចសំខាន់ៗ និងបទបង្ហាញនានា សម្រាប់យកទៅធ្វើការផ្សព្វផ្សាយបន្ត ដល់សមាគមមនុស្សចាស់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ ងូ សុមុនី