សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តមុន្នី ប្រសិទ្ធីវង្ស

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយសមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវជាទីប្រឹក្សា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមុន្នីប្រសិទ្ធីវង្ស (វត្តព្រែកព្នៅ) ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមគន្លងប្រពៃណីនិងសាសនា។

ក្នុងពិធីនេះបន្ទាប់ពីអញ្ជើញថ្វាយគ្រឿងសក្ការបូជាដល់ព្រះពុទ្ធអង្គ នមសកា សមាទានសីល ថ្វាយព្រះរតនត្រ័យ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តមុន្នីប្រសិទ្ធីវង្ស ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោក ជំទាវ ញ៉ែម សឿន ព្រមទាំងបុព្វការីជន វីរជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះសម្តេចបានបួងសួងចំពោះព្រះរតនត្រ័យ សូម​ឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិជួបតែសេចក្តីសុខ និងការរីកចម្រើនជារៀងរហូតទៅ៕

ដោយ ប៉ាល់ សុង