ក្រុមអ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹកនៅ​អាស៊ី-អឺរ៉ុប ជួបពិភាក្សាគ្នាដោះស្រាយ​អំពី​បញ្ហាប្រឈមផ្នែកគ្រប់គ្រង​ទឹកក្នុង​តំបន់ និង​ពិភពលោក

AKP សៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងនៅក្នុងពិធីបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទឆ្លងដែនតំបន់ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពចម្រុងចម្រើនរួមគ្នា គឺជាការ ទទួលខុសត្រូវនិងសកម្ម ភាពរួមគ្នារបស់យើងទាំងអស់គ្នា។ ការងារនេះទាមទារឱ្យ មាននូវការប្តេជ្ញាចិត្ត និងការគាំទ្រ ផ្នែកនយោបាយកម្រិតខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផល ប្រកបដោយជោគជ័យ។

ក្នុងនាមជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា កម្ពុជានឹងជំរុញ កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ និងភាពជាដៃគូសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯក​ឧត្តម​បាន​បន្តថា កិច្ចសន្ទនាផ្នែកនយោបាយ​កម្រិតខ្ពស់​ជាទៀងទាត់ គឺជាវេទិកាមានសារៈសំខាន់ខ្លាំង​ណាស់​ ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម​រួម​ និង​រិះ​រក​វិធី​ដើម្បី​រួម​គ្នា​ដោះស្រាយ​ និង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិការ ភាព​ជា​ដៃ​គូ​ និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​រួមគ្នា​ តាមរយៈ​ការរៀបចំ​ផែន​ការ​រួម​គ្នា​ និង​ការអនុវត្ត​សកម្មភាព​ អាទិភាពជាយុទ្ធសាស្រ្ត​ដែល​បាន​កំណត់សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គ្រប់​គ្រង​ទឹក។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងកិច្ចសន្ទនារយៈពេល២ថ្ងៃនេះនឹងមាន ប្រធានបទ មួយចំនួន លើកយកមកពិភាក្សា ហើយនិងផ្ដល់ឱកាសដល់ អ្នកជំនាញទាំងអស់ បានចែក រំលែក និងផ្លាស់ប្តូរ បទពិសោធន៍ចំណេះធ្វើ និងការអនុវត្តល្អៗ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប តាមរយៈការពង្រឹង និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ ភាពជាដៃគូពហុភាគី និងការតភ្ជាប់កាន់តែប្រសើរសម្រាប់ការគ្រប់គ្រងទឹកឆ្លងដែន ឱ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនរួមគ្នា​ រវាងតំបន់អាស៊ី និងអឺរ៉ុប និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះកាលពីឆ្នាំ២០១៨កម្ពុជាបានទទួល ធ្វើជាម្ចាស់ផ្ទះប្រកប ដោយជោគជ័យ សម្រាប់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេ មេគង្គលើកទី៣ដែលពេលនោះ នាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិកទាំង៤ និងតំណាងជាន់ខ្ពស់នៃដៃគូមេគង្គ បានពិភាក្សា និងដាក់ចេញនូវសកម្មភាពដែលយុទ្ធសាស្ត្រ ចំពោះមុខដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមនិងភាពជាដៃគូឆ្ពោះទៅសម្រេចឱ្យបាននូវគោលបំណង អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។ សម្រាប់ឆ្នាំ២០២០ខាងមុខ កម្ពុជាមានកិត្តិយសដ៏ធំធេងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏សំខាន់មួយទៀតនោះគឺកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៕

ដោយ ឃុត សៅ