សេចក្តីស្នើច្បាប់ចំនួន២ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ឱ្យគណៈកម្មការជំនាញរបស់រដ្ឋសភាពិនិត្យសិក្សា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សេចក្តីស្នើច្បាប់ចំនួន២ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោម​អធិ បតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ អនុម័តប្រគល់ឱ្យគណៈកម្មការជំនាញ របស់រដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភាវិញ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះថា  សេចក្តីស្នើច្បាប់ទាំង២នោះគឺ៖ ទី១-អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិក ប្រគល់ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូនទូរ​គមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិ​ជ្ជ​កម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរ​ទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ទី២- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុ​ជាចូលជាសមាជិកនៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សា​​​ហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនា ព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។

ដោយឡែករបៀបវារៈ ស្តីពីរបាយការណ៍សកម្មភាពរបស់រដ្ឋសភាចន្លោះ សម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ អង្គប្រជុំបានអនុម័តប្រគល់ភារ កិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តបញ្ចូលសកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦នាពេលខាងមុខ៕

ដោយ ប៉ាល់ សុង