ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សា​សុខសន្តិភាព

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរួមគ្នាថែរក្សា សុខសន្តិភាព បានស្ថិតស្ថេរគង់វង្ស​សំដៅបន្តជំរុញល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការ​រីកចម្រើនថែម​ទៀតនោះ។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​​អញ្ជើញចូលរួមជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋកាន់បិណ្ឌវេនទី៦នៅវត្តមង្គលខេត្តារាមព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៩នេះ ដែលមានអ្នកចូលរួមជាង១០០០នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៀតថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ម្យ៉ាងទៀតពិធីកាន់ បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រី​រាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។

បន្ទាប់ពីការគោរពថ្វាយភួងផ្កាបូជាទៀនធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមស្សការព្រះរតនៈត្រៃតាមគន្លងព្រះពុទ្ធសាសនា និងពិធីរាប់បាត្ររួចមក ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍សំណេះសំណាលទៅកាន់ព្រះសង្ឃ តាជីយាយជី ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយដែលបានចូលរួមនាឱកាសនោះថា ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរ​សណ្តានបុព្វការីជនដែលបាន ចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនយុទ្ធនារីដែលបាន ពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិនិងការពារអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រជាពុទ្ធបរិស័ទទាំងអស់ដែល បានជួបជុំគ្នាមានឱកាសបានធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ នាពេលនេះក៏ដោយសារតែ ប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញក្នុងការរស់នៅមានការអភិវឌ្ឍរីកចម្រើន សម្បូរសប្បាយ។ កត្តានាំ​ឱ្យមានសន្តិភាព និងការអភិវឌ្ឍនេះក៏ដោយសារតែ គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមទាំងស្រុងដឹកនាំកសាងប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាពនិងអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។
ឯកឧត្តមបន្តទៀតថា វិស័យពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប្រជាពលរដ្ឋគោរព ប្រតិបត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងចូលរួមចំណែកកសាងសុខសន្តិភាពក្នុងប្រទេសជាតិយើង។ ​   ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកទេយ្យទាន បច្ច័យវេរប្រគេន និងអំណោយផ្តល់ជូន វត្តមង្គលខេត្តារាមព្រះស្រែ មានទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករ១០០គីឡូក្រោម ប្រគេនបច្ច័យព្រះសង្ឃ ២៣អង្គ មួយអង្គ២ម៉ឺនរៀល ស៊ីម៉ង់ត៍១៥០តោន និងបច្ច័យកាន់បិណ្ឌវេនទី៦ សរុបជាង៤៩លានរៀល និង៥០០០ដុល្លារ និងអ្នកចូលរួមជាង១០០០នាក់ ក្នុងម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕

ដោយ ឈុន សារ៉ាត

​​