ផ្ទៃដីស្រូវវស្សាជាង ២.៨០០ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់

AKP កំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ -លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០១៩នេះថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទឹកស្ទឹងសែន ខេត្តកំពង់ធំឡើងដល់កម្ពស់ ១៣,៦១ម៉ែត្រ ខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា ០,៨៤ម៉ែត្រ ដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១៣,៥០ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ផ្ទៃដីស្រូវវស្សាចំនួន ២.៨១៣ហិកតាក្នុងស្រុកចំនួន ៥ ក្នុងនោះស្រុកសណ្ដាន់ប៉ះពាល់ចំនួន ៥៥២ហិកតា ស្រុកប្រាសាទសំបូរចំនួន ១.៥៥០ហិកតា ស្រុកស្ទោងចំនួន ២៣៨ហិកតា ស្រុកសន្ទុកចំនួន ៤៣៥ហិកតា និងស្រុកកំពង់ស្វាយចំនួន ៣៨ហិកតា។

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាស និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក កាន់ សាឡន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះប្រជាកសិករខេត្តកំពង់ធំ បានអនុវត្តន៍ធ្វើការបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ២២១.០១៣ហិកតា ស្មើនឹង ១០៣,៦២ភាគរយ នៃផែនការ ២១៣.៣០០ហិកតា បើប្រៀបនឹងការអនុវត្តឆ្នាំ២០១៨ គឺនៅឆ្នាំ២០១៩ទាបជាងចំនួន ៥០២ហិកតា ដោយស្ថានភាពទឹកភ្លៀងធ្លាក់មានការយឿតយ៉ាវជាងឆ្នាំមុន។

លោក អនុប្រធានមន្ទីរ បានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះដែរប្រជាកសិករបានធ្វើការប្រមូលផលស្រូវស្រាលដើមរដូវបានចំនួន ២៦.៩៨៤ហិកតា ដោយទទួលបានទិន្នផល ៣,៩១៨តោន ក្នុង១ហិកតា។ ក្នុងរយៈពេលជាមួយគ្នានេះដែរប្រជាកសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំរដូវស្សវស្សាមាន ឪឡឹក ដំឡូងមី បន្លែ សណ្ដែកបាយ ពោតនិងអំពៅ សរុបចំនួន ៥៣.១៣៨ហិកតា ផងដែរ៕

ដោយ​ ស៊ុម វណ្ណា