សិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាល ខេត្ត ស្រុក-មន្ទីរផែនការខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស  ២៥៦៣  ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរផែនការខេត្តកំពង់ឆ្នាំង សម្របសម្រួលជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០- ២០២២)ដែលប្រព្រឹត្តទៅនៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់។

លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីសម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ គម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្តរួមទាំងសេវានានាសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល​ និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។ កិច្ចការនេះគឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះបានចែងនៅក្នុងមាត្រាទី៨ ចែងថា ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសា ធារណ: នៅក្នុងដែនរបស់ខ្លួន។ ដោយឡែកនៅថ្នាក់ស្រុវិញ មានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ព្រមទាំងបានអនុវត្តន៍គម្រោងទទួលបានជោគ ជ័យក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខេត្ត មានកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តន៍គម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរដូចស្រុកដែរ។

លោកស្រី ប៊ន សុភី បានបញ្ជាក់ថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ត្រូវបានរៀបចំរួចហើយ រដ្ឋបាលខេត្តនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកស្រីមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឱ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ។

លោកស្រីសង្ឃឹមថា សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត៕

ដោយ បៃ ស៊ីថុន