អាជ្ញាធរជាតិអប្សរាបង្ហាញគំរូសំណង់ផ្ទះបុរាណសម្រាប់អនុញ្ញាតឱ្យអ្នកស្រុកក្នុងតំបន់អង្គរសាងសង់លំនៅឋាន

AKP សៀមរាប ថ្ងៃទី​​​១៩ ខែកញ្ញា ឆ្នាំ២០១៩ -គំរូសំណង់ផ្ទះបុរាណ ៥ប្រភេទ ត្រូវបានអាជ្ញាធរជាតិអប្សរាប្រកាសថា នឹងចេញច្បាប់អនុញ្ញាតឱ្យសាងសង់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ហើយមានបំណងចង់សាងសង់លំនៅឋានដើម្បីរស់នៅ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ឡុង កុសលប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល បានឱ្យដឹងនៅថ្ងៃ ពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ថា ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃ និងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋាន បែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនា  បថ នៃដំបូល។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ លោក ឡុង កុសល បានឱ្យដឹងទៀតថា ផ្ទះដែលមានរចនាបថបែបខ្មែរចំនួន៥ប្រភេទនោះ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង)ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកបុកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តែស្ថិតក្នុងរចនាបទដូចបានកំណត់ឱ្យសាងសង់ខាងលើ។

លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយរូបនេះ ក៏បានបញ្ជាក់ទៅលើគំរូសំណង់ផ្ទះខាងលើនោះថា អាជ្ញាធរជាតិអប្សរក៏បានគិតគូរផងដែរដល់ថ្នាំពណ៌ផ្ទះ ពោលគឺដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសី ត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនោះដែលមានសភាពស្រស់ឆើតឆាយ ត្រូវបានហាមឃាត់ពុំអនុញ្ញាតឡើយ។ ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូចមានចែងក្នុងព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ៕

ដោយហង្ស សៀក