ជនពិការភាពទទួលបានសមិទ្ធផលថ្មីមួយទៀតពីរាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ បទដ្ឋានបច្ចេកទេសហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត ​បង្កលក្ខណៈងាយស្រួល​សម្រាប់​ជន​ពិការ​ភាព​  ដែលការប្រកាស​នេះ​បាន​ធ្វើឡើងក្នុងទិវាមនុស្សគ-ថ្លង់អន្តរជាតិកម្ពុជាលើកទី៧ ក្រោមប្រធានបទ” ការងារទូទៅ ត្រូវគិតបញ្ចូលមនុស្សគ-ថ្លង់ ដែលជាការសន្យាជួបជុំគ្នាក្នុងមួយឆ្នាំម្តង រវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ​សង្គមស៊ីវិល និងក្មួយៗគ-ថ្លង់ ក្នុងគោលបំណងបង្ហាញពីឆន្ទៈ របស់រាជរដ្ឋាភិ បាលចំពោះជនពិការភាព ក្នុងការពង្រឹងសាមគ្គីភាព ភាតរភាព និងសហប្រតិបត្តិការរួមគ្នា ដើម្បីឧត្តមប្រយោ​ជន៍របស់មនុ​ស្សគ-ថ្លង់នៅកម្ពុជា” ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សគ-ថ្លង់ ព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ នៅទីស្តីការក្រសួងបានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មី​មួយ​ទៀតរបស់រាជរដ្ឋាភិបាល​ជូនដល់បងប្អូនជន​ពិការភាពនៅ​កម្ពុជា ក្នុងគោលបំណងជំរុញការយល់ ដឹងអំពីទំនាក់ទំនងរវាងការងាររបស់មនុស្សគ-ថ្លង់ និងការសម្របសម្រួលបរិស្ថានរូប​វន្តសមស្រប ដែលមានរចនាបទជាទម្រង់សកល និយាមកម្មកម្រិតជាតិ-អន្តរជាតិ អាចឱ្យជនមានពិការភាពទូទៅទាំងក្នុងនិងក្រៅប្រទេសប្រើប្រាស់បាន។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការដាក់ឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសជាសមិទ្ធផលថ្មីនេះ បង្ហាញពីឆន្ទៈ និងការយកចិត្តទុកដាក់យ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព សំដៅផ្តល់កាលានុវត្តភាព និងសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម រួមមានវិស័យអប់រំ ការ​ងារ មុខរបរ ថែទាំសុខភាព នយោបាយសិល្បៈ កីឡា និងសេវាសង្គមនានា ដោយស្មើភាព ស្មើសិទ្ធិ បរិយាបន្ន និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គមមួយដែលគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ដើ​ម្បីបន្តជំរុញ ដល់ការ អភិវឌ្ឍលើវិស័យពិការភាពឱ្យបានខ្លាំងក្លាថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ អនុសាសន៍ជាក់ស្តែងមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត និងចែករំលែកគំនិតថ្មីៗបន្តទៀតគឺ៖ ទី១-ស្នើក្រសួងស្ថាប័ន ថ្នាក់ជាតិ ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមគ្នាលើកស្ទួយ សិទ្ធិជនមាន ពិការភាពតាមរយៈកាត់បន្ថយអាកប្បកិរិយា រើសអើងជនមានពិការភាព ជាពិសេសមនុស្សគ-ថ្លង់ ដើម្បីបញ្ជ្រាបពួកគេចូលក្នុងការអភិវឌ្ឍសង្គមប្រកបដោយស្មើភាព និងស្មើសិទ្ធិ។ ទី២-អនុវត្តតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុម ប្រឹក្សាសកម្មភាពជនពិការ តម្រូវគ្រប់ទូរទស្សន៍រដ្ឋ និងឯកជនដាក់បញ្ចូលការ បកប្រែភាសាសញ្ញាក្នុងកម្មវិធីដូចជា ព័ត៌មាន ព្រឹត្តិការណ៍ទាន់ហេតុការណ៍ និងកម្មវិធីកម្សាន្តនានា។ល។ ទី៣-អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវរៀបចំវគ្គបណ្តុះបណ្តាលបទដ្ឋាន បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិកាភាព ដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យសាធាណៈ និងឯកជន ដើម្បីធានាថា គ្រប់ផ្លូវថ្នល់ សំណង់អគារ ដែលផ្តល់សេវា សាធារណៈមានការសម្រ​ប​សម្រួលសមស្របសម្រាប់ជនមានពិការភាព។ ទី៤-ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និងក្រុមការងារក្រុមប្រឹក្សាសកម្មភាព ជនពិការតាមក្រសួង ស្ថាប័ន សូមចូលរួមជំរុញការអនុវត្ត បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមាន ពិការភាពឱ្យបានល្អប្រសើរ៕

ដោយ ប៉ាល់ សុង