ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំដំរីផុង ស្រុកឆ្លូង បានទទួលអំណោយមនុស្សធម៌ពីមូលនិធិសង្គមអគ្គិសនីកម្ពុជា

AKP ក្រចេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងលោក ជាក់ ម៉េងហ៊ាង អភិបាល រងខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌ ដែលបានមកពីការឧបត្ថម្ភដោយអគ្គិសនី កម្ពុជា យកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន៣២៧ គ្រួសារ ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីរសសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោក អេង គន្ធា និងលោក ជាក់ ម៉េងហ៊ាង បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ និងផ្ញើក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ  និងគិតគូរជានិច្ច ចំពោះរាល់បញ្ហាគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជា បញ្ហារបស់សម្តេចយ៉ាងដូច្នោះដែរ។

លោកទាំងពីរបានថ្លែងអំណរគុណ និងកោតសរសើដល់ប្រជាពលរដ្ឋដែលយក ចិត្តទុកដាក់ និងតាមដានពីស្ថានភាពគ្រោះទឹកជំនន់ជាប្រចាំ និងបានសហការជាមួយ អាជ្ញាធរជន្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ដោលពុំមានប៉ះដល់ អាយុជីវិតឡើយ។

សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ទាំង៣២៧គ្រួសារនាពេលនោះមាន៖ មី១កេស ត្រីខ១យួរ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕

ដោយ ជួន សុជាតិ