មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិអាវុធគីមី ជំរុញឱ្យមន្រ្តីអនុវត្តន៍ច្បាប់ ចូលរួមទប់ស្កាត់រាល់ការដឹកជញ្ជូនសារធាតុគីមីហាមឃាត់ 

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ លេខាធិការង នៃអាជ្ញាធរជាតិអាវុធគីមី បាន ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្មនៅខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើម្បីឆ្លើយតបទៅហ្នឹងសភាពការបច្ចុប្បន្ន ស្តីពីការប្រណាំងប្រជែងសព្វាវុធ ជាពិសេស អាវុធប្រល័យលោក នៅឧបទ្វីបកូរ៉េ កូរ៉េខាងជើង បានបង្កើននូវសមត្ថភាព អាវុធនុយក្លេអ៊ែរ ដោយធ្វើការសាកល្បង បានជោគជ័យនូវប្រភេទម៉ីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយ ដែល អាចនាំក្បាលនុយក្លេអ៊ែរចំនូវគោលដៅកំណត់។ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរជាតិ អាវុធគីមី បាន និងកំពុងរួមគ្នាជាមួយអង្គការហាមឃាត់អាវុធគីមីនិង(UNICHI,EU) ដើម្បីធ្វើការហ្វឹក ហាត់សិក្សាវាយតម្លៃការងារគ្រប់គ្រងហានិភ័យនៃសារធាតុគីមីនៅកម្ពុជា។

ឯកឧត្តមបានបន្តថា ដោយសារសារធាតុគីមីនេះ បានធ្វើឱ្យមានការផ្ទុះឡើងនូវបណ្តា ប្រភេទមេរោគឆ្លង ការវាយប្រហារអានត្រាក់ (Anthrax Attack) នៅខែកញ្ញា ឆ្នាំ២០០១ បណ្តាលឱ្យកើតមានជំងឺ Shar ជំងឺ Ebola នៅកុងហ្គោ ជំងឺផ្តាសសាយបក្សី H1N1 H5N1ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាព្រះរាជាណាចក្រកម្ពុជាមិនមែនជាអ្នកផលិតនូវរាល់ សារធាតុគីមី និងសម្ភារគីមីក៏ពិតមែន ប៉ុន្តែកម្ពុជាបាននាំចូលយ៉ាងច្រើននូវសាធាតុពុលគួរ ឱ្យកត់សម្គាល់ដែលធ្វើឱ្យមានការគំរាមកំហែង និងផលប៉ះពាល់ដល់ប្រទេសយើង។ ដូចនេះ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបរាល់ហានិភ័យ អាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើការស្រាវ ជ្រាវតាមបណ្តាខេត្ត តាមព្រំដែន រុករកឃើញនូវគ្រាប់បែកគីមី ដែលបានប្រើនៅ (ទសវត្សរ៍៦០-៧០) នូវបណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី​ ត្បូងឃ្មុំ និងខេត្តស្វាយ រៀង ដោយបានបង្ហាញឱ្យឃើញនូវគ្រោះមហន្តរាយដល់សុខភាព សាធារណៈយ៉ាងធ្ងន់ធ្ងរ បង្កនូវជំងឺជាច្រើនប្រភេទ ដូជាធ្វើឱ្យកុមារក្បាលធំ យុវវ័យមួយចំនួនមានសុខភាព ខុសប្រក្រតីជាដើម។

ឯកឧត្តមឧត្តមសេនីយ៍ឯក អំពាវនាវដល់អាជ្ញាធរខេត្ត មន្រ្តីអនុវត្តន៍ច្បាប់នៅ គ្រប់មូល ដ្ឋានចូលរួមទប់ស្កាត់រាល់ការដឹកជញ្ជូនសារធាតុគីមីហាមឃាត់ជា ពិសេស នៅតាមច្រកព្រំ ដែនឱ្យបានកាន់តែសកម្ម ដើម្បីទប់ស្កាត់នូវរាល់ហានិភ័យផ្សេង ដែលកើតឡើងដោយសារ ធាតុគីមីនៅកម្ពុជា។ ដើម្បីបំពេញនូវវិធានច្បាប់ដែលពាក់ព័ន្ធ កម្ពុជាបានចូលរួមជាសមាជិក នៃរដ្ឋភាគីសន្ធិសញ្ញា និងអនុសញ្ញា ទៅហ្នឹងការគ្រប់ គ្រងសារធាតុពុលតាមការ កំណត់របស់អន្តរជាតិ ព្រមទាំងថ្នាក់ជាតិចំនួន១៧ស្ថាប័ន ដើម្បីរួមគ្នាផ្សព្វផ្សាយច្បាប់ និងមានវិធានការម៉ឺងម៉ាត់ អនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់ អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងនាំមកនូវបទពិសោធន៍ថ្មីៗ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន សុខភាពសាធារណៈចៀស ផុតពីមហន្តរាយបង្កឡើងដោយអាវុធទាំងនោះ៕

ដោយ ឃុត សៅ