កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដាក់ក្តីសង្ឃឹមថា អាចការពារមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — ម្ចាស់មេដាយមាសកីឡាតេក្វាន់ដូ WT កាលពីស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ កីឡាការិនី ស៊ន សៀវម៉ី បានដាក់ក្តីសង្ឃឹមជាថ្មីម្តងទៀតថា ខ្លួននឹងអាចការពារ​មេដាយមាសបាន សម្រាប់ការប្រកួតស៊ីហ្គេម ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

កីឡាការិនី ស៊ន សៀវម៉ី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មុន​ពេលចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រយៈពេល២ខែថា មូលហេតុចម្បងៗមួយចំនួន ដែលនាងហ៊ានដាក់ក្តីរំពឹងបែបនេះ គឺឈរនៅលើកត្តា ដូចជាការតាំងចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការបង្កើនការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លា ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ និងបន្ត​ទៅ​ហ្វឹកហាត់នៅក្រៅប្រទេសកូរ៉េខាងត្បូងចំនួន២ខែបន្ថែមទៀត។ កីឡាការិនីរូបនេះ បានបន្ដថា ក្រោមការលើកទឹកចិត្តពីថ្នាក់​ដឹកនាំ គ្រូបង្វឹក ព្រមទាំងក្រុមគ្រួសាររបស់នាង ដែលតែងតែ​ផ្តល់​កម្លាំងចិត្តជានិច្ច ដែលឱ្យកីឡា ការិនីរូបនេះ មានកម្លាំងចិត្ត រួមទាំងធ្លាប់ឆ្លងកាត់​បទពិសោធន៍ប្រកួតលើឆាកអន្តរជាតិ ដូចជាឈ្នះមេដាយមាស ទី១ជូនជាតិ ក្នុងកីឡាអាស៊ី កាលពីឆ្នាំ២០១៤ ម្ចាស់មេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ព្រមទាំងឈ្នះ​កៅអី វគ្គជម្រុះប្រចាំទ្វីបអាស៊ី នៃកីឡាអូឡាំពិក កាលពីឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល​ផងដែរ។

កីឡាការិនី ស៊ន សៀវម៉ី បានបញ្ជាក់បន្ថែមទៀតថា នាងត្រូវប្រកួតលើវិញ្ញាសាប្រយុទ្ធ​លើ៧៣គីឡូក្រាម ក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែមិនទាន់ច្បាស់ថានឹងត្រូវជួប ប្រកួតជាមួយកីឡាការិនីខ្លាំងៗ​ក្នុងតំបន់អាស៊ី​អាគ្នេយ៍ណាខ្លះនៅឡើយ ដោយនាងគ្រាន់តែបញ្ជាក់ថា អាចនឹងប៉ះជាមួយកីឡាការិនី​ជម្រើស​​ជាតិឥណ្ឌូណេស៊ី វៀតណាម ម្ចាស់ផ្ទះ ហ្វីលីពីនជាដើម។

គួរបញ្ជាក់ថា កីឡាការិនីជម្រើសជាតិតេក្វាន់ដូរូបនេះបានស្នើឱ្យប្រជាពលរដ្ឋកម្ពុជា​មេត្តាផ្តល់ការគាំទ្រ កម្លាំងចិត្តដល់ក្រុមជម្រើសជាតិតេក្វាន់ដូ ក៏ដូចជាប្រភេទកីឡាដទៃទៀត ដែលត្រៀមខ្លួនចូលរួមប្រជែង មេដាយយកមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩នេះ៕

ដោយ ហេង ណាលីន