គ្រូព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន អះអាងពីជំហររៀងៗខ្លួន មុនការប្រជែង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង និងគ្រូបង្គោល ភ្នំពេញក្រោនបានបង្ហាញឆន្ទៈខ្ពស់ ដូចៗគ្នា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា​ឆ្នាំ២០១៩ ក្នុងការ ប្រជែងកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ ដែលនឹងត្រូវប្រកួតនាវេលាម៉ោង ៦:០០ ល្ងាចថ្ងៃទី១៩ ខែកញ្ញា ស្អែកនេះ នៅ​ពហុកីឡដ្ឋានជាតិ អូឡាំពិក។

លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងបានអះអាងថា កូនក្រុមរបស់​លោកបានហ្វឹកហាត់ត្រៀមយ៉ាងល្អ សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។  គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានលើកឡើងនូវបញ្ហាក្នុងក្រុមខ្លះៗផងដែរ ដោយបន្ទាប់​ពីវិលពីការប្រកួតជាមួយបាទីមក កីឡាករព្រះខ័នរាជស្វាយរៀងមួយចំនួនមានរបួស ហើយ​កីឡាករខ្លះដែលវិលពីជម្រើសជាតិក៏មានរបួសខ្លះៗដែរ។ ក្នុងនោះ មានដូចជា សឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ហើយគន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់​បញ្ចប់​រដូវកាលទៀត ដូច្នេះនៅសល់ប៉ុន្មានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាបានល្អប្រសើរដែរ។ ចំណែកឯ លោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោនបានបញ្ជាក់ដែរថា ក្រុមដែល​ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែមានសមត្ថភាពល្អៗ។ ចំពោះក្រុមរបស់លោក លោកមិនខ្វាយខ្វល់ពីលទ្ធផល ក្នុងលីគទៀតទេ​ទោះបានចាញ់ព្រះខ័នរាជស្វាយរៀង​ទាំងពីរ​ជើង ពោលគឺមិនចាត់ទុកជាសម្ពាធឡើយ។ លោកបានបន្ថែមថា ការប្រកួតពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធសាធ ដូច្នេះ លោកបានដាក់ក្ដីសង្ឃឹមត្រឹម ៥០ភាគរយ សិន ហើយក្រុមណាដែលមានការរៀបចំល្អនឹងទទួលបានជ័យជម្នះ។ ទោះ យ៉ាងណាក្តី គ្រូបង្គោលរូបនេះប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើម​កៅអីមួយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៣ រដូវកាល២០១៩នេះ មាន២ប្រកួត ដែលក្រុមបឹង​កេតប៉ះ​ជាមួយក្រុមវិសាខា នាល្ងាច ថ្ងៃទី១៨ ខែកញ្ញា នេះ រីឯ១ប្រកួតទៀត គឺជាការប៉ះ​គ្នារវាងក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដើម្បីប្រជែងគ្នាឡើងទៅប្រកួតដណ្តើម​ជើងឯក ប្រចាំរដូវកាល ២០១៩នេះ៕

ដោយ ហេង ណាលីន