សិក្ខាសាលាស្តីពី«ការពង្រឹងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ»

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​អញ្ជើញ​​ជាអធិបតី​បើកសិក្ខាសាលាស្តីពី« ការពង្រឹងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ »កាលពីថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានឱ្យដឹងថា​ ​សិក្ខាសាលាស្តីពី« ការពង្រឹងការគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ » មានវត្តមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ​ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងគ្រឹះស្ថានឧត្តម សិក្សា​ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ជាច្រើននាក់បានអញ្ជើញចូលរួម ​។

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងវិស័យព្រៃឈើ ដោយផ្តោតលើមុខងារ និងសមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងព្រៃឈើ ក្នុងប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។ ក្នុងបរិបទនៃការកែទម្រង់ ក្រសួងបរិស្ថានទទួលបន្ទុកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទទួលបន្ទុកក្នុងកិច្ចការអភិវឌ្ឍ ដើម្បីធានាពីតុល្យភាពរវាង ការអភិរក្ស និងការអភិវឌ្ឍ។​

ជាមួយគ្នា​នេះ​ ឯកឧត្តម​បានបញ្ជាក់​ថា​ ក្នុងគោលបំណងធានាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមានគោលនយោបាយបង្កើតបន្ថែមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិ ចំនួន៥៥កន្លែង និងរបៀងអភិរក្សជីវៈ(ឦសាន ឧត្តរ និងជួរភ្នំក្រវាញ) គ្របដណ្ដប់លើផ្ទៃដីជាង ៧លានហិកតា នៃផ្ទៃដីប្រទេស ដែលចាត់ទុកថា ជាប្រទេសមានតំបន់ការពារធម្មជាតិក្នុង អត្រាមួយដ៏ខ្ពស់លើពិភពលោក។ ទន្ទឹមនេះប្រទេសកម្ពុជា នៅមានតំបន់ព្រៃឈើធម្មជាតិផ្សេងៗទៀតប្រមាណជាង១លានហិកតា ដែលស្ថិតនៅក្រៅតំបន់ការពារធម្មជាតិផងដែរ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធ បានបន្តថា តំបន់ការពារធម្មជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃសម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់ប្រទេស ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែកបរិស្ថានសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ តំបន់ការពារធម្មជាតិមិនត្រឹមតែផ្តល់នូវជីវៈចម្រុះដ៍សម្បូរ

បែប និងជាទីជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ជនបទ ដែលពឹងអាស្រ័យនឹងធនធានព្រៃឈើ ហើយក៏កំពុងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិត ថាមពល វារីអគ្គិសនីផងដែរ។ល។ ជាងនេះទៅទៀត តំបន់ការពារធម្មជាតិប្រទេសកម្ពុជា មានសក្តានុពលយ៉ាងធំធេងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុរបស់ពិភពលោក។

សិក្ខាសាលានេះ មានរយៈពែល ២ថ្ងៃ ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលនៃការងារគ្រប់គ្រង ការពារ និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិកន្លងមក និងជួយផ្តល់ជាគំនិត និងធាតុចូលសំខាន់ៗបន្ថែមទៀតសម្រាប់បន្តទិសដៅការងារគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមសម្រាប់ជាតិ និងមាតុភូមិរបស់យើង ៕

ដោយ ពេជ្រ ណារិទ្ធ