ឯកឧត្តម ជាវ តាយ អញ្ជើញចុះសួរសុខទុក្ខ​ និងចែកស្រូវពូជជូនប្រជាកសិករ ចំនួន១.៤៧៣គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

AKP កំពត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩​ — នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ: អភិបាលខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ​ និងចែកស្រូវពូជជូនដល់ប្រជាកសិករ ចំនួន១.៤៧៣គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងឃុំចំនួន១០​គឺ៖  ឃុំកំពង់ត្រាចខាងលិច ឃុំដំណាក់កន្ទួតខាងត្បូង ឃុំប្រាសាទភ្នំខ្យង ឃុំស្វាយទងខាងជើង ឃុំដំណាក់កន្ទួតខាងជើង ឃុំកំពង់ត្រាចខាងលិច ឃុំអង្គសុរភី ឃុំឫស្សីស្រុកខាងកើត ឃុំព្រែកក្រឹស ឃុំបឹងសាលាខាងជើង នៃស្រុកកំពង់ត្រាច ខេត្តកំពត។

នៅក្នុងក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់  លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាយក នាយករងរដ្ឋបាល ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត មន្ត្រីរាជការស្រុកកំពង់ត្រាច ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ១.០០០នាក់។ សម្រាប់ស្រូវពូជដែលចែកជូននាពេលនេះគឺ គ្រួសារដែលប៉ះពាល់ក្រោមកន្លះហិកតា ទទួលបានស្រូវពូជ ៥០គីឡូក្រាម និងគ្រួសារដែល មានផ្ទៃដីប៉ះពាល់លើសកន្លះហិកតា ទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាក្នុងអាណត្តិទី៦នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ ពេលវេលា ជាពិសេសក្នុងគ្រោះទឹកជំនន់កន្លងនេះ ដោយសម្តេចបានបញ្ជាឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាជន ធ្វើយ៉ាងណាកុំឱ្យបងប្អូនរងគ្រោះដោយសារទឹកជំនន់។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានបន្តណែនាំដល់បងប្អូនប្រជាកសិករដែល ទទួលបានស្រូវពូជនាពេលនេះ ត្រូវប្រញាប់ប្រញាល់យកទៅសាបព្រោះឡើងវិញ ព្រោះ ដំណាំស្រូវគឺជាដំណាំដែលប្រើប្រាស់ ពេលវេលាស្របពេលដែលមាន ទឹកអាចឱ្យយើង ដំណើរការបាន ហើយត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យ កាន់តែប្រសើរឡើងថែមទៀត។

យោងតាមរបាយការណ៍របស់ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានឱ្យដឹងថា លទ្ធផលការងារបង្កបង្កើនផល ស្រូវរដូវវស្សាឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សន្ទូង និងពង្រោះ គឺអនុវត្តន៍បាន ១៣៤.៤៥៩ហិកតា ស្មើនឹង១០១,៨៦ភាគរយនៃផែនការ ១៣២.០០០ហិកតា។ ដំណាំវប្បកម្មរយៈពេលខ្លីអនុវត្តន៍ បាន​ ១.៤២៩ហិកតា ដំណាំឧស្សាហកម្ម រយៈពេលខ្លីបានចំនួន១.១៨៦ហិកតា៕​

ដោយ ប្រាក់ លាង