អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងសន្តិសុខជាមួយស្នងការ​នគរបាលរាជធានី ខេត្ដនៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយស្នង​ការនគរបាលរាជធានី ខេត្ដនៅទូទាំងប្រទេស។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពី​ព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអគ្គស្នង​ការរង​នគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ប្រធាន និងអនុប្រធាននាយកដ្ឋាន អង្គភាព និងនាយការិយាល័យចំណុះសេនាធិការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោត​លើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម​ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ក្នុងនោះគឺការពង្រឹងសមត្ថភាព គុណភាពរបស់កង​កម្លាំងនគរបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខរបស់សង្គម ជាពិសេស​ការ​ពារសន្តិភាព និងស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែល​បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែក្រាលគ្របដោយសន្តិភាព មានសេរីភាព សន្តិសុខ និង​សណ្តាប់ធ្នាប់។ ឯកឧត្តមបន្ដថា ប៉ុន្តែសភាពការណ៍ថ្មីៗនេះ មានចលនាឧទ្ទាមមានចេតនា​រៀបផែនការប៉ុនប៉ងបង្កអសន្តិសុខផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ​បោះឆ្នោតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់លើការងារចំនួនពីរចំណុច គឺទី១-ពង្រឹងសុវត្ថិភាពក្នុងការការពារបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងទី២-ការពង្រឹងសន្តិសុខជារួម ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ឬពួក​ឧទ្ទាមណាមកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសន្តិភាព ផលប្រយោជន៍របស់ជាតិ​ដែលកំពុង​មានសព្វថ្ងៃនេះឡើយ ៕

ដោយ ចាន់ សុធីវង្ស