សិស្សមកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ១ នៅក្នុងការប្រកួតភាពយន្តខ្លីរឿង “លោកឪពុក”

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — ភាពយន្តខ្លីរឿង “លោកឪពុក” ដែលជាស្នាដៃនិពន្ធរបស់ក្រុមសិស្សមកពីវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ១ ខណៈដែលភាពយន្តខ្លីរឿងចំនួនពីរ ទៀតគឺរឿង “កម្មផល” ដែលជាស្នាដៃនិពន្ធរបស់ក្រុមសិស្សមកពីសាលាទូលទំពូង និង សាលាឯកជនអន្តរជាតិអាម៉េរិកកាំងទទួលបានជ័យលាភីលេខ២ និងខ្សែភាពយន្តខ្លីរឿង “ការសម្រេច​ចិត្ត” របស់សិស្សមកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងផងដែរ ទទួល បានជ័យលាភីលេខ៣ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា លើកទី១១ នៃភាពយន្តកុមារអន្តរជាតិអាស៊ី (AICFF) កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈ​មណ្ឌ​ល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

លោក ស៊ូហ្សីគី ហ៊ីរ៉ូណូរី ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា ក្នុងគោល បំណង ដើម្បីជ្រើសរើសភាពយន្តរឿងខ្លីល្អដាច់គេចំនួន៣ ទៅប្រកួតបន្តនៅក្នុងមហោ​ស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ នៅប្រទេសជប៉ុនខាងមុខនេះ  ស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈ​មណ្ឌ​ល​សហប្រតិ​បត្តិ​ការកម្ពុជា-ជប៉ុន បានរៀប​ចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុង ប្រទេសកម្ពុជាលើកទី១១ នៃភាពយន្តកុមារអន្តរជាតិ​អាស៊ី (AICFF)​ ក្រោមប្រធានបទរឿង ខ្លីសម្រាប់ឆ្នាំនេះគឺ «តើអ្នកយល់យ៉ាងណាចំពោះការបង្កបញ្ហាដល់អ្នកដទៃ? តើវាត្រឹមត្រូវទេ សម្រាប់តែផលប្រយោ​ជន៍ផ្ទាល់ខ្លួន? តើអ្នកអាចគិតដល់អ្នកដទៃផងបានដែរឬទេ?»។

លោក​បន្តថា កម្មវិធី​ប្រកួត​ប្រជែងថ្ងៃនេះ ភាពយន្តរឿងខ្លីដែលមាន​រយៈ​ពេល៣នាទី ចំនួន៦៩រឿង ផលិតឡើងដោយសិស្សមកពី ៣៤វិទ្យាល័យ បានដាក់ពាក្យចូលរួមប្រកួត ហើយរឿងខ្លី ចំនួន១៥រឿង ត្រូវបានជ្រើសរើសដើម្បីបញ្ចាំងជូនក្នុងការ​ប្រកួតនាថ្ងៃនេះ​។​ ក្រោយ​ពីដាក់ឱ្យទស្សនា​ប្រកួតប្រជែង​គណៈ​កម្មការផ្តល់ពិន្ទុសម្រេចជ្រើសរើសសិស្ស វិទ្យា ល័យចំនួន៣ក្រុម មានសមា​ជិកសរុប​ចំនួន​ ៩រូប ដែលទទួលជ័យលាភី ក្នុងការប្រកួតថ្ងៃនេះ គឺជ័យលាភីលេខ១ បានទៅក្រុមសិស្ស​មកពី​វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ជ័យលាភីលេខ២ បានទៅក្រុមសិស្សមកពីវិទ្យា​ល័យ​​ទួល​ទំពូង រួមជាមួយសិស្សមក ពីសាលាឯកជនអន្តរជាតិអាម៉េរិកកាំង  និងជ័យ​លាភី​លេខ​៣ បានទៅក្រុមសិស្ស មកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។ ស្នាដៃទាំង៣​ប្រកួតនេះនឹងត្រូវបានអញ្ជើញ ទៅកាន់ប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS ២០១៩ ដោយរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួម វគ្គផ្តាច់ព្រ័ត្រនៃមហោស្រព នៅទីក្រុងមិណាមិ អាវ៉ាជំ ខេត្តហ៊ីយ៉ូហ្គោ ប្រទេសជប៉ុន នៅថ្ងៃទី៧ ខែធ្នូខាងមុខ។ យើងសង្ឃឹមថា តាមរយៈមហោស្រពនេះ មិត្តភាព និងការ យល់ដឹងពីគ្នាទៅវិញទៅមក នឹងត្រូវបានកសាងឡើងក្នុងចំណោមយុវជននៅ​តំបន់អាស៊ី៕

ដោយ ប៉ាល់សុង