កម្ពុជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីខ្មែរ ក្នុងព្រឹត្តិការណ៍ពិភព​លោក នៅប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — ដើម្បីរៀបចំជាយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះ មកកាន់ប្រទេសកម្ពុជា កាន់តែ​ច្រើនថែមទៀត កម្ពុជាបានផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណី​របស់​ខ្លួន ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

គណៈប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​សហការី បានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យអគ្គកុងស៊ុលពិភព​លោក​ឆ្នាំ២០១៩ (World Consular Festival 2019) នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលមាន​ប្រទេសចូល​រួមចំនួន​៥០។

ឯកឧត្ដម នី ផល្លី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាឱកាសក្នុងការ​ពង្រឹង​ចំណងមិត្ត​ភាពរវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសក្នុងការផ្សព្វ​ផ្សាយ​ពីសក្តានុពល និងគោលដៅទេសចរណ៍ដ៏សម្បូរបែបប្រកបដោយភាពទាក់ទាញ វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧត្តុង្គឧត្តមរាប់ពាន់ឆ្នាំ ដល់ពិភពលោក។ ឯកឧត្ដមបានបន្ដថា ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានចូលរួម និងជួយគាំទ្រផងដែរពីសមាគមន៍ខ្មែរ បងប្អូនខ្មែរ​រស់នៅលីយ៉ុង និងនិស្សិតខ្មែរដែលកំពុងបន្តការសិក្សានៅបារាំង។ ទន្ទឹមនេះ ដូចជារៀង​រាល់​ឆ្នាំដែរ ប្រតិភូក្រសួងទេសចរណ៍ តែងតែមានកម្មវិធីជួបជុំជាមួយតំណាងប្រទេស អគ្គរាជទូត អគ្គរដ្ឋទូត និងអគ្គកុងស៊ុលនានា។ ឯកឧត្ដមបានបន្ថែមថា ក្រសួងទេសចរណ៍ និងអគ្គ​កុង​ស៊ុលកិត្តិយសខ្មែរប្រចាំទីក្រុងលីយ៉ុង ក៏មានរៀបចំស្តង់តាំងពិព័រណ៍ទេសចរណ៍ និងការ​ដង្ហែក្បួនផងដែរ។ ជាមួយគ្នានេះ សម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ ភ្ញៀវទេសចរជាច្រើន​បាន​បង្ហាញការ​ចាប់អារម្មណ៍ និងរៀបចំផែនការធ្វើដំណើរឆ្ពោះមកកាន់កម្ពុជាសម្រាប់រដូវក្តៅ​នាពេលខាងមុខនេះ។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ខាងលើនេះ មានភ្ញៀវចូលរួមទស្សនាចម្រុះជាតិសាសន៍ ប្រមាណ៤ម៉ឺននាក់៕

ដោយ ម៉ៅ ចរិយា