​ឯកឧត្តម ស សុខា ជំរុញឱ្យអ្នកពាក់ព័ន្ធ បន្តផ្សព្វផ្សាយការប៉ះពាល់ និងប្រឆាំងការប្រើប្រាស់សារធាតុ «ដូប៉ា» ក្នុងវិស័យកីឡា

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ស សុខា បានជំរុញឱ្យអ្នក ពាក់ព័ន្ធ និងមន្ត្រីជំនាញកីឡាទូទាំងខេត្តបន្ទាយមានជ័យ បន្តផ្សព្វផ្សាយការប៉ះពាល់ និងប្រឆាំងការប្រើប្រាស់សារធាតុ «ដូប៉ា» ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងឈានទៅមិន ប្រើប្រាស់នូវសារធាតុដូប៉ា ក្នុងវិស័យកីឡានៅកម្ពុជា។

ការថ្លែងជំរុញបែបនេះរបស់​ឯកឧត្តម ស សុខា បានធ្វើនៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសឯកឧត្តម​​អញ្ជើញបើក​សិក្ខាសាលាស្តីពី «ការប្រឆាំងការប្រើប្រាស់ សារធាតុ ដូប៉ា» ជូនដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកពាក់ព័ន្ធ នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់២០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះដែរ​ឯកឧត្តម ស សុខា បានថ្លែងថា សិក្ខាសាលានេះ គឺជាផែន ការយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម​កម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពី «ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា» ក្នុងវិស័យកីឡា ដើម្បីចូលរួមអនុវត្តន៍អនុសញ្ញានេះ ទាមទារឱ្យមានការចូលរួមរួមពីលោក លោកស្រីទាំងអស់ ដែលជាភាគីពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ អប់រំណែនាំ ក្នុងការហ្វឹកហ្វឺន ការប្រកួតកីឡាក្នុង និងក្រៅសាលារៀន ដោយចៀស វាងមិនប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ពីព្រោះការប្រើប្រាស់សារធាតុដូប៉ា អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់គោលការណ៍ក្រមសីលធម៌ តម្លៃអប់រំ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញអន្តរជាតិហើយគុណផលដែលទទួលបាន គឺជាក្លែងបន្លំបោក​ប្រាស់ផ្ទុយពី គោលការណ៍ ​ និងបទបញ្ជានៃការប្រកួតអន្តរជាតិ។

ទន្ទឹមនឹងនេះ​ឯកឧត្តម ស សុខា ក៏បានថ្លែងការកោតសរសើរ ចំពោះការងារអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ ទទួលបានសិស្ស ជាប់និទ្ទេសA រហូតទៅដល់២៥នាក់ មានការកើនឡើងជាងឆ្នាំ២០១៨ ពោលគឺមាន តែ១៣នាក់។

​ លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យបាន ឱ្យដឹងថា ​ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៩នេះ ខេត្តបន្ទាយ មានជ័យ មាន៧មណ្ឌលប្រឡង​​ មាន១៩៨បន្ទប់​។ បេក្ខជនមកប្រឡងចំនួន៤៨៥១នាក់ ស្រី២៥៦៣នាក់ និងបានប្រឡងជាប់ចំនួន ២៦៨៤នាក់ ស្រី១៥៤៦នាក់ ត្រូវជា៥៥.៣៣​ភាគរយ ​ ក្នុងនោះ សិស្សជាប់និទ្ទេសA មា​នចំនួន២៥នាក់ ស្រី១៥នាក់, និទ្ទេស B ចំនួន១០១នាក់ ស្រី៦១នាក់, និទ្ទេស C ចំនួន២១៥នាក់ ស្រី១២៤នាក់, និទ្ទេស Dចំនួន ៤១៨នាក់ ស្រី២៣៦នាក់ និងនិទ្ទេស E ចំនួន១៩២៥នាក់ ស្រី១១១០នាក់៕

ដោយឈុន សារ៉ាត