ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ រកឃើញសិស្សជ័យលាភីចំនួន៣ក្រុម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេស កម្ពុជា លើកទី១១ នៃមហោស្រព​ភាព​យន្តកុមារ​អន្តរជាតិអាស៊ីឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយជោគជ័យ និងរកឃើញសិស្ស​ជ័យលាភី៣ក្រុម ដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេស​ជប៉ុន នៅថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ។ ការប្រកួតនេះ បានធ្វើឡើង កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។ នេះបើ​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំ​នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ចំពោះប្រធានបទដែលត្រូវបកស្រាយ ក្នុងឆ្នាំនេះ​គឺមានប្រធានបទលើកឡើងដូចជា «តើអ្នកយល់យ៉ាងណាចំពោះការបង្កបញ្ហាដល់អ្នកដទៃ។ តើវាត្រឹមត្រូវទេ សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួន? តើអ្នកអាចគិតដល់អ្នកដទៃផង​បានដែរ ឬទេ?»។ ជាមួយគ្នានេះ ក៏មានភាពយន្តចំនួន ៦៩រឿងដែលផលិតដោយសិស្ស៣៤​វិទ្យាល័យ​ទូទាំងប្រទេសកម្ពុជាបានដាក់ពាក្យចូលរួមប្រកួត​ ហើយក្នុងចំណោមនោះមានភាពយន្តចំនួន​១៥រឿង ត្រូវបានសម្រិតសម្រាំងដើម្បីចាក់បញ្ចាំងក្នុងការប្រកួតវគ្គពាក់កណ្តាល  ផ្តាច់ព្រ័ត្រ​នេះ។​ មហោស្រពភាពយន្តនេះ បានចាប់ផ្តើមនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧មកម្លេះ ហើយចាប់តាំងពីពេលនោះមក គឺមហោស្រពនេះបានចាប់ផ្តើមប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំណែកសិស្សានុសិស្សកម្ពុជាវិញត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពនេះ តាំងពី​ឆ្នាំ២០០៩មក។​ សម្រាប់ឆ្នាំនេះ សិស្ស៣ក្រុមដែលមានចំនួនសរុប៩រូប នឹងត្រូវបានអញ្ជើញ​ទៅ​កាន់ប្រទេសជប៉ុន ក្រោមកម្មវិធី​JENESYS2019 ជាមួយសិស្សមកពីបណ្តាប្រទេស​អាស៊ាន​ទាំង១០ ព្រមទាំង​ចិន ម៉ុងហ្គោលី កូរ៉េខាងត្បូង តៃវ៉ាន់ ទីម័រខាងកើត និងជប៉ុន។ សិស្សជ័យលាភី៣ក្រុមនេះ នឹងចូលរួមវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ។

ស្ថានទូតជប៉ុនសង្ឃឹមថា សិស្សកម្ពុជានឹងទទួលបានជោគជ័យនៅក្នុងកម្មវិធី​មហោ​ស្រព​ខាងមុខនេះ   ព្រមទាំងទទួលបានូវភាពសប្បាយរីករាយ ការ​កសាងមិត្តភាពជាមួយក្រុម​អ្នកចូលរួមដទៃ​ទៀត៕

ដោយ អ៊ុន រិទ្ធី