បទយកការណ៍៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងអត្ថន័យ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — បើនឹកគិតទៅដល់ថ្ងៃទី១រោច ខែភទ្របទ ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ នៅតាមទីជនបទ ស្រុកស្រែចម្ការ  តែងតែលឺសូរសម្លេង ចាបដូនតា តែងតែស្រែកយំ ដោយឡែកសម្រាប់អ្នករស់នៅទីក្រុង ជាពិសេសយុវជនជំនាន់ក្រោយ មិនចាប់អារម្មណ៍ ឬ មិនដឹងទេថា ជាសញ្ញាប្រាប់ថា រដូវកាល នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានមកដល់ហើយ។

ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ឬហៅថាថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានចែកវេនគ្នា ធ្វើបាយម្ហូប ជាចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅតាមវត្តនានា ដើម្បីឧទ្ទិសកុសលដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ។ ខ្មែរមានជំនឿថា ពេលមនុស្សស្លាប់ទៅ ព្រលឹងអ្នកស្លាប់នោះអាចទៅកើតនៅស្ថានទេវលោក ឬក៏ស្ថាននរកប្រេត ជាដើម។ អាស្រ័យដោយជំនឿ ទើបពលរដ្ឋខ្មែរនាំគ្នាប្រារព្ធពិធីបុណ្យនេះតាំងពីជំនាន់ដូនតាមក ដើម្បីឱ្យចិត្តជ្រះថ្លា។

ស្របពេលដែលវត្តអារាមនានាមមាញឹកខ្លាំងជាមួយនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ ថ្ងៃនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីចូលរួមប្រតិបត្តិនៅក្នុងពិធីមួយនេះយ៉ាងច្រើនកុះករ។ ជាក់ស្ដែង ដូចជា នៅវត្តមហាមន្ត្រី និងវត្តសំពោងផលអណ្តែត នៅក្នុងរាជធានីភ្នំពេញ ក៏មានសភាពមមាញឹកខ្លាំង កំឡុងពេលបុណ្យប្រពៃណីនេះផងដែរ។ ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងថ្ងៃដ៏ពិសេសនេះ បានអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវសីលធម៌ និងទំនៀមទម្លាប់ ដែលខ្មែរមានតាំងពីបរមបុរាណមក។

ព្រះភិក្ខុ ហ៊ុយ ម៉េងទៀង គង់នៅវត្តមហាមន្ត្រី មានសង្ឃដីកាថា « តាំងពីបរមបុរាណមក ខ្មែរតែងតែទៅវត្ត យកបាយសម្លទៅប្រគេនព្រះសង្ឃ  ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ទៅ ដោយហេតុនេះហើយ ទើបជំនឿបុណ្យភ្ជុំបិណ្ឌ និងការយកបាយសម្លទៅប្រគេនព្រះសង្ឃនេះ ប្រជាពលរដ្ឋខ្មែរចាប់អនុវត្តតគ្នាបែបនេះជារៀងរហូតមក »។

ព្រះភិក្ខុ មានព្រះជន្មជាង ៣០វស្សាអង្គនេះ បានបន្ដថា « ជាប្រពៃណីខ្មែរយើងពីបរមបុរាណមក ការរាប់បាត្រហ្នឹង គឺដើម្បីបញ្ជូនមគ្គផល ដល់ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅលោកខាងមុខ ។ គឺថា យើងមកត្រូវរាប់បាត្រហ្នឹងហើយ ដើម្បីឲ្យព្រះសង្ឃលោកវេរបញ្ជូនទៅឱ្យ ពីព្រោះយើងមានជំនឿថា ព្រះអង្គជាអ្នកមានសីល បញ្ជូនជំនួសដោយសារយើងបញ្ជូនខ្លួនយើងអត់ដល់ទេ »។

ចំណែកព្រះភិក្ខុមួយអង្គទៀត ព្រះនាម  វឌ្ឍនវង្សា ទែនវ៉ាន់នី ព្រះគ្រូសូត្រស្តាំ វត្តសំពោងផលអណ្តែត ក្នុងខណ្ឌច្បារអំពៅ បានមានសង្ឃដីកាដូចគ្នាថា « កិច្ចនេះមានអត្ថប្រយោជន៍ […] ដើម្បីបញ្ជូនឲ្យជីដូនជីតាដែលបានស្លាប់ទៅ ជួនកាលគាត់ក៏បានទៅកើតខ្ពង់ខ្ពស់ទៅ ខ្លះក៏ទៅជាប្រេតទៅ។ ហេតុដូច្នេះ គឺថា យើងធ្វើក្នុងម្ដងហ្នឹង បញ្ជូនទៅឱ្យគាត់។ បញ្ជូនទៅឱ្យគាត់ហ្នឹង យើងបញ្ជូនខ្លួនឯងអត់បានទេ ទាល់តែព្រះសង្ឃអ្នកមានសីល។ ម្ល៉ោះហើយ យើងរាប់បាត្រ ដើម្បីប្រគេនព្រះសង្ឃទៅ ហើយព្រះសង្ឃវេរបញ្ជូនទៅឱ្យ »។

ព្រះភិក្ខុ វឌ្ឍនវង្សា ទែនវ៉ាន់នី ដដែលបានមានសង្ឃដីកាបន្តថា « ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបាននាំគ្នាទៅស្នាក់នៅវត្តធ្វើសមាទានសីល បម្រើព្រះសង្ឃ សម្អាតទីវត្តអារាម។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតបានចែកវេនគ្នា ជាវេនតាមថ្ងៃ ដែលយើងហៅថាថ្ងៃកាន់បិណ្ឌ »។

ព្រះគ្រូសូត្រស្តាំ រូបនេះ បានបន្តថាឱ្យដឹងបន្ថែមថា ក្នុងថ្ងៃកាន់បិណ្ឌនីមួយៗ គេតែងធ្វើពិធីដូចជា ពេលយប់ ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និងចាស់ៗព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន ដែលធ្វើមរណកាលទៅហើយ និងជាពិធីជួបជុំគ្នានៃញាតិសន្តានសាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយៗ។

ក្នុងសម្លៀកបំពាក់សំពត់ហូល អាវប៉ាក់ ឈាងដោយកន្សែង អ្នកនាង ស៊ិន កញ្ចនា បាននិយាយថា ក្រោយពេលដែលអ្នកនាងបានមកធ្វើបុណ្យ អ្នកនាងសប្បាយចិត្តណាស់ ព្រោះការធ្វើបុណ្យនេះ បានឧទ្ទិសកុសលដល់អ្នកមានគុណ និងញាតិកាទាំងប្រាំពីរសន្ដាន។

ចំណែកយុវជនមួយរូបទៀត  ពាក់អាសដៃខ្លីតឺនុយខោខ្មៅ ឈ្មោះ ឡេង ហ៊ួយ បានប្រាប់ថា ក្រោយពេលបានយកបាយសម្ល ទៅប្រគេនព្រះសង្ឃ និងរាប់បាត្ររួចហើយ លោកមាន « អារម្មណ៍សប្បាយចិត្ត ហើយត្រេកអរក្នុងការធ្វើបុណ្យ ហើយមានអារម្មណ៍ថា ខ្លួនឯងហ្នឹងបានមកសន្សំកុសលជាថ្មីម្ដងទៀត »។

លោក ឡេង ហ៊ួយ បានឱ្យដឹងទៀតថា ការដែលលោកយកបាយសម្លមកប្រគេនព្រះសង្ឃនៅវត្តនេះ គឺ ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា និងញាតិសន្ដាន ដែលបានចែកឋានទៅ។​​ តាមឯកសារទំនៀមទម្លាប់ខ្មែរមួយចំនួន បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ បានកកើតនៅលើទឹកដីខ្មែរ តាំងពីយូរលង់ណាស់មកហើយ ពោលគឺកើតតាំងពីសម័យអាណាចក្រខ្មែរ គឺស្របពេលដែលព្រះពុទ្ធសាសនា ហូរចូលជាលើកដំបូងមកក្នុងទឹកដីមួយនេះ។

តាមសាស្ត្រា អានិសង្សបិណ្ឌមានសេចក្តីថា ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្តាយឪពុកញាតិកា បងប្អូនកូនចៅ របស់ជនទាំងឡាយ ដែលបានស្លាប់ទៅមុនៗនោះ ទោះទៅកើតឯណាៗក្តី តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ។ ហេតុតែតេជៈអានិសង្ឃនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ពួកគេក៏បានរំដោះ រួចអំពីនរក ប្រេត។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណីធំផ្សេងៗទៀតរបស់ខ្មែរ។ តាំងពីបូរាណកាល មករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបប៉ុលពតកាន់កាប់ប៉ុណ្ណោះ ៕

ដោយ​ ផល សុផានិត