អាជ្ញាធរខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី៣នៅវត្តទេពពោធិវង្សក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី​​១៧ ខែកញ្ញា ឆ្នាំ២០១៩ -ថ្នាក់ដឹកនាំ មន្រ្តីនៃអាជ្ញាធរខេត្តសៀមរាប បានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី៣ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្ត ទេពពោធិវង្ស សង្កាត់គោកចក ក្រុង ខេត្តសៀមរាប  ក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការចូលរួមផងដែរ ដែលការកាន់បិណ្ឌវេនទី៣នេះបានប្រព្រឹទ្ធទៅកាលពីថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងពិធីកាន់បិណ្ឌនោះ លោកជំទាវ យូ សុភា បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌនេះឡើង  ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកទៅហើយនោះ និងវរយុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងពិធីកាន់បិណ្ឌនោះដែរ ក៏បាននិមន្តព្រះសង្ឃចំនួន ៦៩អង្គ ធ្វើពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឱ្យមកទទួលនូវផល្លានិសង្ស ដែលឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យក្នុងរដូវ កាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ស នេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធ អ្នកទាំងនោះបានទៅកាន់ទីសោយសុខ ឋានបរមសុខ ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីកាន់បិណ្ឌនោះផងដែរ ឯកឧត្ត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានមូលមតិគ្នាប្រមូលចតុបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តទេព្យពោធិវង្ស រួមមាន៖ អង្ករ ២៥០គីឡូក្រាម មី៥កេស ទឹកក្រូច១០កេស ទឹកត្រី៤យួរ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកបរិសុទ្ធ១០កេស, ត្រីខ ១កេស ស្ករស ១០គីឡូក្រាម ទឹកដោះគោ១កេស តែ៥កញ្ចប់ និងបច្ច័យចំនួន ២លានរៀល។ ឆ្លៀតក្នុងឱកាសនោះ ក៏បានចែកជូនផងដែរដល់សីលវ័ន្ត សីលវន្តី ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងបច្ច័យ១ម៉ឺនរៀល៕

ដោយ ហង្ស សៀក