ធនាគារពិភពលោកគាំទ្រដំណើរការអភិវឌ្ឍកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ  និ​ង​ចំ​ណេះដឹង ចំណេះធ្វើប្រកបដោយ​ស្មារតីនៃភាពជាដៃគូពិតប្រាកដ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ធនាគារ​ពិ​ភ​ព​​​លោកបានរួមចំណែក​ដ៏​សំខាន់​ក្នុងការគាំទ្រដំណើរការអភិវឌ្ឍន៍កម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ និ​ង​ចំ​ណេះដឹង ចំ​ណេះ​ធ្វើ ប្រកបដោយ​ស្មារតីនៃភាពជាដៃគូពិតប្រាកដ និងស្មើភាពព្រមទាំង​បាន​ចាត់ទុក WB ថាជា​ដៃ​គូ​ដ៏​សំ​ខា​ន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គម​​នៅកម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី វិចតូរៀ ខ្វាខ្វា និងសហការី ដែលបាន​អ​ញ្ជើ​ញ​ម​ក​បំ​ពេ​ញ​បេសកកម្មនៅកម្ពុជា ដែលជាការឆ្លុះ បញ្ចាំងឱ្យឃើញថា ចំណងកិច្ចសហប្រតិបត្តិការរវាង WB និងរាជរដ្ឋា​ភិ​បា​លកម្ពុជា កាន់​តែ​ត្រូ​វ​បានពង្រឹង និង​ពង្រីក​បន្ថែមទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពី ស្ថានភាព​សេដ្ឋកិច្ច ដែលកម្ពុជា កំពុងស​ម្រេ​​​ចបាន​នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​រឹងមាំជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់​។ កម្ពុជា​កំពុងប​ន្តដំណើ​រយ៉ា​ងស្វា​ហា​ប់​តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យ ឆ្នាំ២០៥០ដើម្បី ប្រែក្លាយខ្លួនទៅជាប្រទេស​​អភិវឌ្ឍន៍ ដោយ​បាន​កំណ​ត់​យ​កឆ្នាំ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផល​ជាសារវ័ន្ត នៃ​កំណែ​ទម្រង់សំខាន់ៗ និ​ង​កា​​រប្រែក្លាយខ្លួនជាបរទេសចំណូលមធ្យមកម្រិតខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាច​ស​ម្រេ​ច​បានកំណើនខ្ពស់រហូតដល់៧,៥ភាគរយក្នុង​​ឆ្នាំ២០១៨ និងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះនឹង​អា​​​​ច​នៅ​តែសម្រេចបានប្រមាណ ៧ភាគរយក្នុងឆ្នាំ២០១៩។

លោក ស្រី វិចតូរៀ ខ្វាខ្វា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែល​ស​ម្រេ​ច​បាននូវកិច្ចអភិវឌ្ឍន៍ក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និងបានជម្រាប ជូនថាធនាគារ​ពិភពលោក តែ​ង​បា​ន​ប្រ​កា​ន់ជំហរច្បាស់លាស់ ​ក្នុង​ការ​ធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញ​លេញ​ជាមួ​យ​រា​ជ​រ​ដ្ឋា​ភិបាល ដើម្បី​​ចូ​ល​រួមចំណែកបន្តជំរុញ​កិច្ចអភិវឌ្ឍន៍នៅ​កម្ពុជា។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ធនាគារពិភពលោក បានអនុម័ត “ក្របខ័ណ្ឌ​នៃ​ភា​ព​ជា​ដៃ​គូ​រ​វា​ងរាជរដ្ឋាភិបាល ជាមួយ WB ឆ្នំា​២០១៩-២០២៣” (Country Partnership Framework – CPF 2019-2023) ដែលគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ ១ ០០០ លានដុល្លារអាម៉េរិក ដែ​ល​ឯកសារនេះ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេញ លេញរយៈពេលមធ្យមរវាងរាជរដ្ឋាភិបាលកម្ពុជា ជា​មួ​​យធនាគារពិភពលោក​និងត្រូវបានរៀបចំដើម្បីរួមចំណែកផ្តល់ហិរញ្ញប្បទាន​គាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុ​កោណដំ​ណាក់កាលទី៤, ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងតម្រូវការអាទិភាពរបស់កម្ពុជា ។

លោកស្រីក៏បានថ្លែងអំណរ គុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់កិច្ចស​ហកា​រ​យ៉ា​ង​ស​ក​ម្ម​ជា​មួយ WB ក្នុងការរៀបចំឯកសារ “ក្របខ័ណ្ឌនៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយ WB ឆ្នំា​២០១៩-២០២៣” បានដោយជោគជ័យ និងឈានដល់ ការអនុម័តដាក់ឱ្យអនុវត្ត​ន៍ជាផ្លូវការកាលពីពេល​ថ្មីៗ​នេះទៀ​ត​ផង ដែលទាំងនេះ ជាសក្ខីភាពបង្ហាញអំពីកិច្ចសហការក្នុង​ភាពជាដៃគូ និងស្មារតីគោរពភាពជា​ម្ចាស់​លើកិ​ច្ចអ​ភិវ​ឌ្ឍន៍​របស់រាជរដ្ឋាភិបាល ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោកដែលមាន សុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ឈានឆ្ពោះទៅគោល​ដៅឆ្នាំ​២០​៣០ និង២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដែលកាន់តែរឹងមាំជាងមុន។ ឯកឧត្តមអគ្គបណ្ឌិ​តស​ភាចា​រ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោកស្រី វិចតូរៀ ខ្វាខ្វា ព្រមទាំងសហការី ឱ្យទទួលបានជោ​គជ័​យក្នុ​ង​ដំ​ណើ​រមកទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន