ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២៥០៨គ្រួសារ នៅស្រុកត្បូងឃ្មុំ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

AKP កំពង់ចាម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ជា សុផារ៉ា ឧបនា​យករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអាទិត្យ  ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម កម្ពុជា ទៅចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន២៥០៨គ្រួសារ នៅឃុំជីរោទិ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម  គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម លឹម គាងហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី និងមន្ត្រីជំនាញជាច្រើននាក់ទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី  ជា សុផារ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិទាំងអស់ ដែលសម្ដេច ទាំងទ្វេតែងតែ មានការព្រួយបារម្ភ និងគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក និងចូលរួម ការសោកស្ដាយចំពោះប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងគ្រោះទឹកជំនន់នាពេលនេះ ជាពិសេសបងប្អូន ដែលកំពុងទទួលរងគ្រោះថ្នាក់ដោយទឹកជំនន់ជន់លិចទ្រព្យសម្បត្តិ ផលដំណាំរបស់បងប្អូន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថាន ពីព្រោះថាពេលទឹកជំនន់មកដល់ ក្រៅពីការផ្ដល់នូវគុណសម្បត្តិសម្រាប់ការងារកសិកម្ម ទឹកក៏បានធ្វើឱ្យលិចនូវផ្ទះសម្បែង ដីធ្លី និងភូមិដ្ឋានរបស់បងប្អូន និងបានបង្កនូវមេរោគផ្សេងៗដែលអាចនាំឱ្យមានជំងឺឆ្លងផងដែរ។ ដូច្នេះត្រូវពិសាទឹកស្អាត និងទឹកដាំឱ្យឆ្អិនជានិច្ច ពីព្រោះថាបើបងប្អូនខ្វះស្បៀងអាហារយើង អាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជំងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺចាប់នោះ។

មួយវិញទៀត បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពកូនចៅ ដោយ មើលថែរក្សាឱ្យបានល្អ។ ក្រៅពីនោះបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះសត្វ អាសិរពិស និងបញ្ហាសុខភាពជាប្រចាំ ប្រសិនបើមានករណីនេះកើតឡើង ចំពោះក្រុមគ្រួសាររបស់បង ប្អូន ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួល ការព្យាបាលបានទាន់ពេលវេលា។ សូមបញ្ជាក់ថា  អំណោយដែលយកមកចែកជូននាពេលនោះ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ តង់១ និងថវិកាចំនួន ២ម៉ឺនរៀល៕

ដោយប៉ាល់ សុង